ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាក Jeepមួយគ្រឿងបើកបរដោយនារីម្នាក់ក្នុងល្បឿនលឿនបានរេចង្កូតជ្រុលទៅបុកបង្គោលភ្លើងបាក់អស់១ដើមនិងបន្តបុកចូលដល់ក្នុងផ្ទះពលរដ្ឋបណ្តាលឱ្យរងការខូចខាតសម្ភារៈមួយចំនួនធំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២:៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកJeep ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2CE-9282 បើកបរដោយនារីម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនយ៉ាងលឿន។ លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកសំយាបផ្ទះពលរដ្ឋ រួចបន្តទៅបុកបង្គោលភ្លើងបាក់ចំនួន១ដើម ហើយរថយន្តមិនទាន់អស់ល្បឿនក៏បន្តទៅបុកចូលដល់ក្នុងផ្ទះពលរដ្ឋរងការខូចខាតរថយន្តមួយគ្រឿងនិងទ្វារផ្ទះអស់២ផ្ទាំងទើបរថយន្តទៅមុខលែងរួច ហើយសំណាងល្អដែរដែលមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។ភ្លាមៗនោះដែរប្រជាពលរដ្ឋឃាត់នារីជាអ្នកបើករថយន្តបង្កហេតុទុកប្រគល់ឲ្យសមត្ថកិច្ច។
ក្រោយកើតហេតុ ភាគីម្ចាស់រថយន្តបង្កព្រមសងជាសំណងថ្លៃខូចខាតទៅលើម្ចាស់ផ្ទះដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង ។ រីឯរថយន្តវិញត្រូវសមត្ថកិច្ចធ្វើការស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយនៅពេលក្រោយដោយមូលហេតុបុកបង្គោលភ្លើងបាក់ចំនួន១ដើមជាទ្រព្យសម្បត្តិរដ្ឋ៕
ដោយ ៖ ភារ៉ា ដង្កោ










