ភ្នំពេញ៖ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកកម្ម លោកបណ្ឌិត កៅ ថាច បានលើកទឹកចិត្ត កសិករសហគ្រិន និងផលិតករ ចាប់យកឱកាសផលិត ដាំដុះ និងចិញ្ចឹមសត្វ ក្រោយក្រុមហ៊ុនប្រទេសជិតខាងមួយចំនួនបានដកខ្លួន និងក្រុមហ៊ុនខ្លះទៀតថមថយសកម្មភាពអាជីវកម្ម ក្រោយប្រជាជនកម្ពុជា ពហិការឈប់ប្រើប្រាស់។
ថ្លែងក្នុងវេទិកាជួបជុំសហគ្រិនកសិកម្ម ដាំដុះ និងចិញ្ចឹមសត្វឆ្នាំ២០២៦ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ លោកបណ្ឌិត កៅ ថាច បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមហ៊ុនថៃធំៗប្រមាណ ៦បានដកខ្លួន ខណៈក្រុមហ៊ុន ស៊ីភី ដែលជាក្រុមហ៊ុនធំមួយរកស៊ីក្នុងវិស័យកសិកម្មនៅកម្ពុជា បានថមថយសកម្មភាពអាជីវកម្ម ដូច្នេះនេះគឺជាឱកាសដ៏ធំសម្រាប់សហគ្រិនកម្ពុជា។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថានេះជាឱកាសមួយធំណាស់ សម្រាប់សហគ្រិនយើងទាំងអស់គ្នា ដើម្បីកសាងអ្វីដែលជាផលិតផលជំនួសការនាំចូលនេះតែម្តង ដែលមានទាំងផ្នែកសំណង់ ហើយផ្នែកចំណីអាហារក៏មានដែរ។ ពិតមែនតែក្រុមហ៊ុនជិតខាងយើង ពិតមែននៅមាន ប៉ុន្តែសកម្មភាពបានថមថយកាន់តែច្រើន ដោយសារតែជាតិនិយម។ បើអត់មានអ្នកទិញ បើទោះបីជានៅក៏អត់ប្រយោជន៍ដែរ ត្រូវតែដកថយជាស្វ័យប្រវត្តិ»។
លោកបានលើកឡើងផងដែរថា ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បាននិងកំពុងតាមដានស្ថានការណ៍ជាក់ស្តែងដោយយកចិត្តទុកដាក់ និងរិះរកមធ្យោបាយ ប្រកបដោយប្រសិទ្ធភាពនានា ដើម្បីធានានូវសន្តិភាពរបស់ប្រទេសកម្ពុជា និងកែប្រែបញ្ហាប្រឈមនេះ ឱ្យក្លាយជាកាលានុវត្តភាព ជាពិសេសសម្រាប់ការពង្រឹងការដាំដុះ ការលើកកម្ពស់សហគ្រាសធុនមីក្រូ ធនតូច និងមធ្យម ខណៈស្មារតីស្នេហាជាតិ និងស្មារតីរួបរួមជាតិ កាន់តែមានសន្ទុះខ្លាំងឡើង ដែលជំរុញដល់ការលើកស្ទួយ និងការឱ្យតម្លៃដល់ផលិតផលក្នុងស្រុក។
លោកបន្តថា ឈរលើស្មារតីបំប្លែងបញ្ហាប្រឈម ឱ្យទៅជាឱកាសសម្រាប់កម្ពុជា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលជាធនាគារគោលនយោបាយ នឹងបន្តផ្តល់ហិរញ្ញប្បទានជូនកសិករដាំដុះ និង សហគ្រិនកែកែច្នៃផលិតផលកសិកម្ម សំដៅរក្សាសន្តិសុខស្បៀង នៅក្នុងកាលៈទេសៈដ៏លំបាកនេះ។
ធម្មទានាចារ្យ កឹម អឿន នាយកប្រតិបត្តិ វិទ្យាស្ថាន ស៊ីអ៊ីអូ លើកឡើងថា ស្របពេលដែលក្រុមហ៊ុនរបស់ប្រទេសជិតខាង ដែលឈប់ទទួលបានការគាំទ្រពីពលរដ្ឋកម្ពុជា បានដកខ្លួន គឺជាការទុកឱកាសឱ្យអ្នកដាំដុះ និងអ្នកចិញ្ចឹមសត្វនៅកម្ពុជា ដូច្នេះហើយអ្នកដាំដុះ អ្នកចិញ្ចឹមសត្វ និងអ្នកកែច្នៃ ត្រូវតែពង្រឹងទៅលើគុណភាព ផលិតឱ្យមាននិរន្តភាព ដើម្បីចាប់យកទំនុកចិត្តអ្នកប្រើប្រាស់ និងមានទីផ្សារធំ។
លោកលើកឡើងថា ដើម្បីជំរុញឱ្យវិស័យកសិកម្ម និងការកែច្នៃនៅកម្ពុជា កាន់តែខ្លាំង គឺត្រូវការការរួបរួមគ្នា រវាងស្ថាប័នរាជរដ្ឋាភិបាល សមាគមបណ្តាញកសិករតេជោ និងកសិករដែលជាអ្នកដំាដុះ និងសហគ្រិនដែលជាអ្នកផលិត កែច្នៃ ដើម្បីប្រែក្លាយការប្រឈមឱ្យទៅឱកាសនៅកម្ពុជា។
លោកមានប្រសាសន៍ថា «ជាការពិតរដ្ឋាភិបាល លោកកំពុងមានគោលនយោបាយគាំទ្រវិស័យកសិកម្ម ហើយលោកនឹងបន្តជួយគាំទ្រទៀតនៃជាជ្រុងមួយដែលមិនអាចខ្វះបាន ប៉ុន្តែជ្រុងមួយទៀត គឺកសិករត្រូវចេះផ្តុំគ្នា ជ្រុងដែលក្រុមហ៊ុនឯកជនមួយផ្តល់ការគាំទ្រជាបច្ចេកទេស និងជ្រុងនៃធនាគារដែលផ្តល់នូវទុន។ ត្រូវការរួបរួមជ្រុងទាំង៣នេះ ទើបយើងអាចខ្លាំង»។
ជាមួយគ្នានេះ លោកបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិកវិទ្យាស្ថាន ស៊ីអ៊ីអូ បានលើកឡើងថា ការចូលរួមរបស់សហគ្រិន គឺជាកំលាំងចលករដ៏សំខាន់ ក្នុងការជំរុញបង្កើតអាជីវកម្ម ការងារ និងប្រាក់ចំណូលនៅក្នុង សេដ្ឋកិច្ចជាតិយើងឱ្យកាន់តែខ្លាំងក្លា៕ដោយ៖តារា










