សារព័ត៌មាន Reuters បានផ្សាយថាប្រជាជនគុយបារាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅមុខស្ថានទូតសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីឡាហាវ៉ាន់ នាព្រឹកថ្ងៃសុក្រ ទី១៦ ខែមករា ដើម្បីប្រឆាំងតវ៉ានឹងអ្វីដែលពួកគេថ្កោលថា ជាទង្វើឈ្លានពានរបស់អាមេរិកនៅក្នុងតំបន់ ក្រោយការចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក Nicolas Maduro ដែលជាសម្ព័ន្ធមិត្តរបស់គុយបា។
ភាពតានតឹងរវាងប្រទេសទាំងពីរ ដែលជាគូបដិបក្ខយូរអង្វែងមកហើយ បានកើនឡើងចាប់តាំងពីយោធាអាមេរិកបានវាយប្រហារលើវ៉េណេស៊ុយអេឡា ហើយបណ្តាលឱ្យស្លាប់មន្រ្តីយោធានិងចារកម្មជនជាតិគុយបាសរុប៣២នាក់ ដែលត្រូវបានជឿជាក់នៅការពារលោក Maduro។ ប្រការនេះធ្វើឱ្យវាគឺជាករណីប៉ះទង្គិចគ្នាលើកដំបូងបំផុតរបស់រវាងកម្លាំងអាមេរិកនិងគុយបា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ។
ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel ក៏បានវត្តមានក្នុងការធ្វើបាតុកម្មខាងលើផងដែរ ហើយលោកបានអំពាវនាវឱ្យប្រជាជនគុយបាបន្តរួមសាមគ្គីគ្នា ចំពោះមុខការដាក់សម្ពាធរបស់អាមេរិក។ ដោយចង្អុលទៅកាន់ស្ថានទូតអាមេរិក លោក Diaz-Canel បាននិយាយយ៉ាងដូច្នេះថា «ពួកចក្រពត្តិនិយម យើងមិនមានការភ័យខ្លាចចំពោះអ្នកសោះឡើយ ហើយយើងមិនចូលចិត្តឱ្យគេគំរាមកំហែងទេ។ អ្នកនឹងមិនអាចសម្លុតគំរាមយើងដាច់ខាត»។
មួយរយៈចុងក្រោយនេះ ភាគីទាំងពីរបានបង្កើនវោហារសាស្រ្តនយោបាយដាក់គ្នាទៅវិញទៅមក ដែលស្តែងឱ្យឃើញពីការធ្លាក់កាន់តែខ្លាំង នៃទំនាក់ទំនងដែលមិនល្អស្រាប់ជាយូរមកហើយរវាងសហរដ្ឋអាមេរិក និងប្រទេសគុយបា ដែលស្ថិតនៅចម្ងាយត្រឹម១៤៥គីឡូម៉ែត្រពីឆ្នេរនៃរដ្ឋ Florida។
កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា នឹងមិនមានលុយឬប្រេងវ៉េណេស៊ុយអេឡា ហូរចូលទៅកាន់គុយបាទៀតឡើយ ហើយលោកបានព្រមានឱ្យទីក្រុងឡាហាវ៉ាន់ យល់ព្រមស្វែងរកកិច្ចព្រមព្រៀង មុនហួសពេល។ ដោយឡែក ក្រោយសម្តីព្រមានរបស់លោក ត្រាំ លោក Diaz-Canel បាននិយាយថា គុយបានឹងតស៊ូការពារមាតុភូមិរបស់ខ្លួន រហូតដល់ដំណក់ឈាមចុងក្រោយ៕










