សារព័ត៌មាន Reuters បានផ្សាយថា មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បានចោទប្រកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺជាអ្នកញុះញង់ឱ្យមានបាតុកម្មនៅអ៉ីរ៉ង់ជាច្រើនសប្ដាហ៍មកនេះដែល ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សរាយការណ៍ថាមានមនុស្សជាង ៣០០០នាក់បានស្លាប់។
បាតុកម្មនៅអ៉ីរ៉ង់បានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែធ្នូកន្លងទៅ ដោយសារតែការខឹងសម្បារនឹងវិបត្តិសេដ្ឋកិច្ច និងបានផ្ទុះរាលដាលទៅជាបាតុកម្មតវ៉ានៅទូទាំងប្រទេសដើម្បីទាមទារឱ្យមានការផ្លាស់ប្ដូររបបដឹកនាំ សព្វថ្ងៃរបស់លោក Khamenei។ តាមរយៈការដកស្រង់សម្ដីចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់កាលពីថ្ងៃសៅរ៍ ទី១៧ ខែមករា លោក Khamenei បានគូសបញ្ជាក់ដូច្នេះថា «យើងចាត់ទុក ប្រធានាធិបតីអាមេរិកជាឧក្រិដ្ឋជនសម្រាប់ការស្លាប់ និងររបួស ការខូចខាត រួមទាំងការមួលបង្កាច់បង្ខូចដែលលោកបានធ្វើដាក់ប្រជាជាតិអ៉ីរ៉ង់»។
លោក ត្រាំ បានគំរាមម្ដងហើយម្ដងទៀតថានឹងធ្វើអន្តរាគមន៍ ក្នុងនោះរួមមានទាំងជម្រើសយោធា ប្រសិនបើអ៉ីរ៉ង់ប្រហារជីវិតបាតុករ។ ប៉ុន្តែកាលពីថ្ងៃសុក្រ ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម លោក ត្រាំ បែរជាអរគុណថ្នាក់ដឹកនាំអ៉ីរ៉ង់ ដោយនិយាយថាពួកគេបានបញ្ឈប់ការសម្លាប់រង្គាលដោយការព្យួរកក្រុមបាតុករ ខណៈអ៉ីរ៉ង់អះអាងថាមិនមានផែនការកាត់ទោសព្យួរកបាតុករនោះទេ។ តែក្រោយមកទៀត នៅបទសម្ភាសន៍ជាមួយកាសែតអាមេរិក Politico កាលពីថ្ងៃសៅរ៍ លោក ត្រាំ បាននិយាយថា «វាដល់ពេលវេលាហើយដើម្បីស្វែងរកមេដឹកនាំថ្មីនៅអ៉ីរ៉ង់ និងអំពាវនាវឱ្យមានការបិទបញ្ចប់ របបដឹកនាំរបស់លោក Khamenei ជាង ៣៧ឆ្នាំមកនេះ»។
នៅក្នុងការអត្ថាធិប្បាយដែលទំនងជាចង់សំដៅលើលោក ត្រាំ លោក Khamenei បាននិយាយថា «យើងនឹងអូសប្រទេសជាតិឱ្យធ្លាក់ចូលក្នុងសង្រ្គាមទេ ប៉ុន្តែយើងនឹងមិនបណ្ដោយឱ្យឧក្រិដ្ឋជនក្នុងស្រុក និងអន្តរជាតិរួចផុតពីការដាក់ទោសនោះឡើយ»។
បើតាមអង្គការសិទ្ធិមនុស្ស Human Rights Activists News Agency ឬ HRANA មានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានឱ្យដឹងថាមនុស្សយ៉ាងហោច ៣០៩០នាក់បានស្លាប់ ក្នុងនោះរួមមានបាតុករ ២៨៨៥នាក់ និង២២០០០នាក់ត្រូវបានចាប់ខ្លួន៕
រូបថត: vnexpress










