ក្រសួងយុត្តិធម៌៖​ ក្នុងឆ្នាំ២០២៥ កន្លងទៅនេះ មានតម្រុយសង្ស័យថា “អាចមានភាពមិនប្រក្រតី” ចំនួន ៥៣ករណី ស្មើនឹង ៦,១១% មានការថយចុះ បើធៀបនឹងឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងយុត្តិធម៌​ នៅព្រឹកថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០២៦នេះ​ បានឱ្យដឹងថា​ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ កាលពីថ្ងៃទី១៦ ខែមករាថ្មីៗ​នេះ​ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារនៃការអនុវត្តយុទ្ធនាការទាំង ២ ប្រចាំឆ្នាំ២០២៥ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ នៅទូទាំងប្រទេស។

ក្រសួងយុត្តិធម៌​ បានបញ្ជាក់ថា​ ក្នុងឆ្នាំ២០២៥ កន្លងទៅនេះ មានតម្រុយសង្ស័យថា “អាចមានភាពមិនប្រក្រតី” ចំនួន ៥៣ ករណី ស្មើនឹង ៦,១១% (មានការថយចុះ បើធៀបនឹងឆ្នាំ ២០២៤ កន្លងទៅ ដែលមាន ៦,៧២%) ក្នុងនោះ បានចាត់ឱ្យ​មានការចុះធ្វើអធិការកិច្ច ចំនួន ៣៦ ករណី ស្មើនឹង ៤,១៥%, ភាគីអាចស្នើសុំឱ្យមានការជំនុំជម្រះសាជាថ្មី ចំនួន ៧ ករណី ស្មើនឹង ០,៨១%, ធ្វើអធិបញ្ជាឱ្យចោទប្រកាន់ ចំនួន ៧ ករណី ស្មើនឹង ០,៨១% និងផ្ទេរសមត្ថកិច្ច ចំនួន ៣ ករណី ស្មើនឹង ០,៣៥%។

គណៈបញ្ជាការដឹកនាំយុទ្ធនាការ បន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលយល់ឃើញថា ចំណាត់ការរបស់តុលាការលើសំណុំរឿងរបស់ខ្លួនមានភាព យឺតយ៉ាវ ឬមានភាពមិនប្រក្រតី សូមដាក់ពាក្យបណ្តឹងមកយន្តការផ្លូវការនៃយុទ្ធនាការទាំង ២ របស់ក្រសួងយុត្តិធម៌ តាមរយៈលេខទូរស័ព្ទ 099 444 181៕

...

ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print