ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ខណៈចាក់សោម៉ូតូក្នុងបន្ទប់ជួលរួចឡើងទៅមើលម្តាយមួយភ្លែតចុះមកវិញ ក៏ត្រូវជនសង្ស័យធ្វើសកម្មភាពគាស់សោបន្ទប់លួចយកម៉ូតូនិងកាបូបលុយទៅបាត់អស់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១២អធ្រាត្រថ្ងៃទី១៨ខែមករាឆ្នាំ២០២៦ នៅបន្ទប់ផ្ទះជួលជាន់ទី២ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ម្ចាស់ម៉ូតូមានឈ្មោះ រិទ្ធពេជ្រ ពិសី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលជាន់ទី២ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ។ ចំនែកម៉ូតូដែលជនសង្ស័យគាស់បន្ទប់យកទៅម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០២៥ ពណ៌ខ្មៅ 1KN-6933ជាម៉ូតូបង់រំលោះ។
តាមការរៀបរាប់ពីបងប្អូនរបស់ជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ ប្តីប្រពន្ធ២នាក់ បានទុកម៉ូតូហុងដាឌ្រីមសេរីឆ្នាំ២០២៥ក្នុងបន្ទប់ជួលជាន់ទី២ ហើយចាក់សោបន្ទប់ រួចហើយបានដើរឡើងទៅបន្ទប់ជួលជាន់ទី៣ ដើម្បីមើលម្តាយឈឺ ផងដែរ ។ បន្ទាប់ពីមើលម្តាយហើយ អ្នកទាំង២បានចុះមកបន្ទប់របស់ខ្លួនវិញ បានចាក់សោបន្ទប់ចូលផ្ទះ ស្រាប់តែបាត់ម៉ូតូរបស់ខ្លួន ហើយនៅក្នុងបន្ទប់មានស្ថានភាពរញ៉េរញ៉ៃ ព្រម ទាំងបាត់កាបូបលុយដែលមានលុយមួយចំនួនថែមទៀតផង ។
បន្ទាប់ពីបាត់ម៉ូតូនិងកាបូបលុយហើយ ជនរងគ្រោះជាម្ចាស់ម៉ូតូបានទៅដាក់ពាក្យ បណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋអូបែកក្អមដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជន សង្ស័យនិងម៉ូតូរបស់គាត់មកវិញ ៕










