ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា គិតចាប់ពីម៉ោង៦ព្រឹក ថ្ងៃទី៩ ខែមករា ដល់ម៉ោង៦ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ មានពលរដ្ឋភៀសសឹក៥,៥៥១នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណ៥សែន២ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ។
ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន១២៧,៥១៩នាក់ ក្នុងនោះស្រ្តីមាន៦៧,០២២នាក់ និង កុមារ៤១,៧៦៥នាក់។ ការភៀសសឹកទ្រង់ទ្រាយធំបែបនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទាំងផ្នែកមុខរបរ សុខុមាលភាព សាធារណៈ សិទ្ធិលំនៅឋាន ជាពិសេសសិទ្ធិទទួលបានការសិក្សារបស់កុមារ និងប៉ះទង្គិចផ្លូវចិត្តដ៏គួរឲ្យព្រួយបារម្ភ។
ជាងនេះទៅទៀត ពលរដ្ឋភៀសសឹកខ្លះ វិលដល់ភូមិករមែន ប៉ុន្តែត្រូវបង្ខំចិត្តស្នាក់នៅក្នុងជំរុំបណ្ដោះអាសន្នជាថ្មីទៀត ដោយសារផ្ទះសំបែងបានខូចខាតខ្ទេចរាបដល់ដី និងពោរពេញដោយសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់យោធាថៃ៕ដោយ៖សិលា










