Kylian Mbappe រកបាន ២ គ្រាប់ ខណៈ Jude Bellingham ក៏រកបានគ្រាប់បាល់ផងដែរ ពេល Real Madrid បំបាក់ Monaco យ៉ាងចាស់ដៃដោយលទ្ធផល៦-១ ក្នុងការប្រកួត Champions League លើកដំបូងរបស់ Alvaro Arbeloa ក្នុងនាមជាគ្រូបង្វឹកក្រុមធំ។
Arbeloa ដែលបាន ជំនួស Xabi Alonso នៅថ្ងៃទី ១២ មករា បន្ទាប់ពី Real ចាញ់ Barcelona ក្នុងវគ្គផ្តាច់ព្រ័ត្រ Spanish Super Cup បានឃើញក្រុមរបស់ខ្លួនឈ្នះយ៉ាងងាយស្រួល ដើម្បីបង្កើនឱកាសឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយ។
ក្រុមជើងឯកអឺរ៉ុប ១៥ សម័យ ត្រូវការត្រឹមតែ ៥ នាទីប៉ុណ្ណោះ ដើម្បីនាំមុខ Monaco ដោយអតីតកីឡាកររបស់ Monaco ម្នាក់ បានធ្វើឲ្យក្រុមចាស់របស់គាត់ឈឺចាប់ម្តងទៀត។
Mbappe ចាប់ផ្តើមអាជីពបាល់ទាត់នៅ ក្លឹបMonaco កាលនៅអាយុ 14 ឆ្នាំ ក្នុងឆ្នាំ 2013 ប៉ុន្តែឥឡូវនេះ គាត់បានស៊ុតបញ្ចូលទី 13 គ្រាប់ ក្នុង 15 ប្រកួត ទល់នឹង Monaco សម្រាប់ Paris St-Germain និង Real Madrid។
Mbappe ក៏ជាកីឡាកររកគ្រាប់បាល់ច្រើនជាងគេក្នុង Champions League រដូវកាលនេះផងដែរ។
លទ្ធផលនេះ ធ្វើឲ្យ Real Madrid ឈរលេខ 2 ក្នុងតារាង ដោយមាន ១៥ ពិន្ទុ ពី ៧ ប្រកួត Champions League ហើយលទ្ធផលល្អនៅក្រៅដីទល់នឹង Benfica នៅថ្ងៃទី ២៨ មករា នឹងជួយឲ្យពួកគេចូលទៅវគ្គ ១៦ ក្រុមចុងក្រោយដោយផ្ទាល់ និងជៀសវាងវគ្គ play-off ពីរជើង។
លោកArbeloa ធ្លាប់ជាគ្រូបង្វឹកក្រុម B របស់ Real មុន Alonso ត្រូវដកចេញ ប៉ុន្តែការចាប់ផ្តើមរបស់អតីតខ្សែការពារ Liverpool និង Real រូបនេះ មិនសូវល្អឡើយ ដោយចាញ់ក្រុមលំដាប់ទីពីរ Albacete 3-2 ក្នុងវគ្គ 16 ក្រុមចុងក្រោយ Copa del Rey មុនឈ្នះ Levante 2-0 ក្នុង La Liga។
ចំណែក Monaco ឈរលេខ ២០ ក្នុង Champions League ដោយមាន ៩ ពិន្ទុ ហើយត្រូវការឈ្នះ Juventus នៅផ្ទះ ដើម្បីធានាកៅអីវគ្គ play-off៕









