ខេត្តស្ទឹងត្រែង៖ បើតាមរបាយការណ៍បូកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តស្ទឹងត្រែងក្នុងឆ្នាំ ២០២៥ បានបង្ហាញថា៖ ផលិតផលក្នុងស្រុកសរុបសម្រាប់ប្រជាជនម្នាក់ (GDP) មានប្រមាណ ១ ៧៩០ដុល្លារ និងអត្រាភាពក្រីមានជាង ១៨%។
របាយការណ៍ដដែល បន្តថា ទំហំសេដ្ឋកិច្ចខេត្តមានប្រមាណ ១.១៥៧.៨៨៤ លានរៀល គិតជាដុល្លារប្រហែល ២៨៦ លានដុល្លារមេរិក ដែលមានអត្រាកំណើន ៥,១% ក្នុងនោះវិស័យកសិកម្មមានកំណើន ៤,៩% ឧស្សាហកម្មមានកំណើន ៦,៥% និងសេវាកម្មមានកំណើន ៥,៤%។
ខេត្តស្ទឹងត្រែងមានប្រជាជនរស់នៅសរុប ១៩១ ០៧១ នាក់ ស្មើនឹង ៤៦ ០៨៣ គ្រួសារ។ ប្រជាពលរដ្ឋអាយុ ១៨ ឆ្នាំឡើងមានចំនួន ១១៨ ៦៤២ នាក់ ជាមួយដង់ស៊ីតេប្រជាជន ១៦ នាក់ក្នុង ១ គីឡូម៉ែត្រការ៉េ។
ខេត្តស្ទឹងត្រែងមានភូមិសាស្ត្រជាប់ជាមួយប្រទេសឡាវ មានដងទន្លេចំនួន ៤ ហូរកាត់។ ខេត្តតំបន់ឦសាននេះមានសក្ដានុពលខ្ពស់ចំពោះវិស័យទេសចរណ៍ ពិសេសសត្វផ្សោតមេគង្គដែលជាប្រភេទថនិកសត្វដ៏កម្រនៅក្នុងពិភពលោក ដែលបានទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិទៅកម្សាន្ត។
បើតាមលោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានឱ្យដឹងថា ផលិតផលទេសចរណ៍ខេត្តស្ទឹងត្រែងភាគច្រើនពឹងផ្អែកលើវប្បធម៌-ធម្មជាតិ និងកសិទេសចរណ៍។ ចំពោះតំបន់ទាក់ទាញទេសចរណ៍ខេត្តស្ទឹងត្រែងនៅមានតិចនិងស្ថិតនៅឆ្ងាយៗពីគ្នា។ យ៉ាងណាភាពស្រស់ត្រកាល និងភាពសំបូរបែបនៃធនធានធម្មជាតិ បានទាក់ទាញភ្ញៀវទេសចរចង់ដឹងចង់ស្គាល់តំបន់ដែលមានទេសភាពល្អស្អាតនៅក្នុងខេត្តនេះ៕
ដោយ៖តារា










