Update៖​ សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នាព្រឹក ថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលមានវត្តមានសមាជិក ព្រឹទ្ធសភាចូលរួមចំនួន ៥៨រូប។

អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន២ ដូចខាងក្រោម៖

របៀបវារៈទី១៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។

-​ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (ហៅកាត់ថា UNCLOS) គឺជាឧបករណ៍ គតិយុត្តអន្តរជាតិដ៏សំខាន់ និងមានលក្ខណៈសកល ដែលកំណត់ព្រំដែនសមុទ្រ, សេរីភាពផ្នែក នាវាចរណ៍តាមផ្លូវសមុទ្រ, សិទ្ធិ និងកាតព្វកិច្ចរបស់រដ្ឋភាគីក្នុងការប្រើប្រាស់លម្អសមុទ្រ, សេចក្តី ណែនាំនានាសម្រាប់ការធ្វើធុរកិច្ច កិច្ចការពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិសមុទ្រ, និង បទប្បញ្ញត្តិពាក់ព័ន្ធនឹងអាជ្ញាធរបាតសមុទ្រអន្តរជាតិ ព្រមទាំងយន្តការដោះស្រាយវិវាទនីតិសមុទ្រ។ អនុសញ្ញានេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ព្រះរាជាណាចក្រកម្ពុជារួមមាន៖

-​ ទទួលបាននូវក្របខ័ណ្ឌច្បាប់សមុទ្រមួយពេញលេញ សម្រាប់កិច្ចការសមុទ្រក្នុង នាមជាប្រទេសជាប់សមុទ្រ

-​ ទទួលបានការការពារតាមច្បាប់សមុទ្រអន្តរជាតិ ដែលទាក់ទងនឹងការគ្រប់គ្រង សមុទ្ររបស់កម្ពុជា ដូចជា ការគ្រប់គ្រងនិងការអភិរក្សបរិស្ថានសមុទ្រ ការធ្វើ អាជីវកម្មលើធនធានសមុទ្រ និងការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រជាដើម

-​ ពង្រឹងតួនាទីកម្ពុជាលើឆាកអន្តរជាតិ តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការ ដោយស្មើមុខ ក្នុងការគ្រប់គ្រងសមុទ្រនិងការដោះស្រាយបញ្ហាសមុទ្រជាមួយ បណ្តាប្រទេសនានា និងមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសសមាសភាពអាជ្ញាធរ បាតសមុទ្រអន្តរជាតិ ក៏ដូចជាចៅក្រមតុលាការអន្តរជាតិនីតិសមុទ្រផងដែរ

-​ ទទួលបាននូវកិច្ចសហប្រតិបត្តិការនិងជំនួយបច្ចេកទេស រួមទាំងជំនួយផ្នែក ច្បាប់អន្តរជាតិ ពាក់ព័ន្ធនឹងការការពារនិងការអភិរក្សបរិស្ថានសមុទ្រ និងការផ្ទេរ បច្ចេកវិទ្យាពីរដ្ឋភាគីនិងស្ថាប័នអន្តរជាតិនានាពាក់ព័ន្ធនឹងអនុសញ្ញានេះ។

បច្ចុប្បន្ន អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ មានប្រទេសចំនួន១៧១ និង ក្នុងក្របខ័ណ្ឌអាស៊ាន មានប្រទេសចំនួន១០ បានចូលជាភាគីនៃអនុសញ្ញានេះរួចហើយ នៅតែ កម្ពុជាដែលមិនទាន់ចូលជាភាគីនៅឡើយ។ កម្ពុជាបានចុះហត្ថលេខាលើអនុសញ្ញានេះ កាលពី ថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៨៣ ហើយនៅក្នុងអំឡុងឆ្នាំ២០១៤ រាជរដ្ឋាភិបាលបានសម្រេចជា គោលការណ៍ឱ្យកម្ពុជារៀបចំនីតិវិធី ដើម្បីផ្តល់សច្ចាប័ន។

សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងមាន ៣មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមលើកដំបូងចំនួន ១១៤សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧។

លោកស្រី​បណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា បានអញ្ជើញឡើងរាយការណ៍ជូនអង្គប្រជុំអំពី លទ្ធផលនៃការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់នេះ និងមានសមាជិកព្រឹទ្ធសភាចំនួន ២រូប ឡើងមានយោបល់ ព្រមទាំងមានការឆ្លើយបំភ្លឺពី លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

​ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់នេះដោយឥតកែប្រែចំនួន ៥៨សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី២៖ បោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភានីតិកាលទី៥។

លោក ឈីវ យីស៊ាង សមាជិកព្រឹទ្ធសភា ត្រូវបានសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ​ នីតិកាលទី៥ បោះឆ្នោតជ្រើសរើសជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា ដោយទទួលបានសំឡេងគាំទ្រចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

...

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print