អុីស្រាអែលបានបង្ហាញជាលើកដំបូងនូវការចំណាយលើសង្គ្រាមរបស់ខ្លួនបន្ទាប់ពីជាងពីរឆ្នាំ ដែលមានចំនួនសរុបប្រហែល 60 ពាន់លានដុល្លារ មិនរាប់បញ្ចូលការខាតបង់សេដ្ឋកិច្ចដោយប្រយោល។
នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទស្សនាវដ្តី Mamon លោក Gil Pinchas ប្រធាននាយកដ្ឋានសេដ្ឋកិច្ចកងទ័ព និងជានាយកថវិការបស់ក្រសួងការពារជាតិ បានបង្ហាញពីទំហំដែលមិនធ្លាប់មានពីមុនមកនៃការចំណាយលើសង្គ្រាម។
ទាក់ទងនឹងការចំណាយសរុបនៃសង្គ្រាមលើ “រណសិរ្សទាំងប្រាំពីរ” លោក Pinchas បាននិយាយថា កងកម្លាំងការពារជាតិអុីស្រាអែល (IDF) បានប៉ាន់ប្រមាណថា តួលេខនេះមានចំនួន 222 ពាន់លាន Shekels (ប្រហែល 60 ពាន់លានដុល្លារ) – រួមទាំងជំនួយសន្តិសុខពិសេសពីសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែតំណាងឱ្យការចំណាយយោធាដោយផ្ទាល់ប៉ុណ្ណោះ។ តួលេខខាងលើមិនរាប់បញ្ចូលការខាតបង់ម៉ាក្រូសេដ្ឋកិច្ចដូចជាការផលិតថយចុះដោយសារតែការចល័តកងកម្លាំងបម្រុង ការប្រាក់បំណុលសង្គ្រាម ការខូចខាតដល់ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ភាគខាងត្បូង ខាងជើង និងកណ្តាល ក៏ដូចជាសំណងស៊ីវិលផងដែរ។
យោងតាមលោក Pinchas ក្នុងអំឡុងពេលជាង 2 ឆ្នាំ និង 3 ខែនៃអរិភាព ការចំណាយជាមធ្យមប្រចាំថ្ងៃគឺប្រហែល 300 លាន Shekels (ស្មើនឹង 80 លានដុល្លារអាមេរិក) សម្រាប់សង្គ្រាមនៅលើរណសិរ្សចំនួនប្រាំពីរផ្សេងគ្នា។
ក្នុងចំណោមនោះ ទិដ្ឋភាពថ្លៃបំផុតនៃយុទ្ធនាការទាំងមូលគឺការចល័តកងកម្លាំងបម្រុង។ នៅពេលឈានដល់កម្រិតកំពូល កងកម្លាំងការពារជាតិអុីស្រាអែល (IDF) បានចល័តកងទ័ពបម្រុងចំនួន 230,000 នាក់ ដែលបង្កើតបញ្ហាប្រឈមផ្នែកភស្តុភារ និងហិរញ្ញវត្ថុយ៉ាងច្រើន។ ការទូទាត់សរុបដល់កងកម្លាំងបម្រុង – ជាចម្បងតាមរយៈវិទ្យាស្ថានធានារ៉ាប់រងជាតិអុីស្រាអែល និងការគាំទ្របន្ថែមសម្រាប់បុគ្គលដែលធ្វើការងារដោយខ្លួនឯង – បានឈានដល់ 73 ពាន់លាន Shekels (ប្រហែល 20 ពាន់លានដុល្លារអាមេរិក)។
ក្រោមផែនការរយៈពេលវែង នាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ បានសន្យាផ្តល់ថវិកាបន្ថែមចំនួន ៣០០ ពាន់លានសេកែលសម្រាប់ការពារជាតិក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ ទោះជាយ៉ាងណាក៏ដោយ កងកម្លាំងការពារជាតិអុីស្រាអែល (IDF) ក៏ត្រូវសន្សំប្រាក់ចំនួន ៥០ ពាន់លានសេកែលផងដែរ តាមរយៈកំណែទម្រង់ និងនវានុវត្តន៍៕ ដោយ:ធីរីណា
រូបថត: vtv










