ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ត្រូវបានសន្តិសុខយាមបុរីប្រទះឃើញដេកស្លាប់នៅក្នុងរថយន្តតូយ៉ូតូព្រូស១គ្រឿងនៅមុខផ្ទះរបស់គាត់តែម្ដង ដោយពុំដឹងថា គាត់មានបញ្ហាសុខភាពគាំងបេះដូងស្លាប់ ឬក៏គ្រោះថ្នាក់ចរាចរណ៍ ឬក៏មានមូលហេតុផ្សេងទៀតនៅឡើយទេ ហើយជាក់ស្ដែងរថយន្តរបស់គាត់នោះបុកផ្ទប់បង្គោលភ្លើងថ្ម ប៉ុន្តែរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ ។
ហេតុការណ៍ខាងលើ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤ជិតភ្លឺថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅក្នុងបូរីពិភពថ្មីកួរស្រូវ២ ស្ថិតនៅក្នុងភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បុរសជនជាតិចិនខាងលើនោះ ពុំទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ មានទីលំនៅកន្លែងកើតហេតុខាងលើ ហើយគាត់បានស្លាប់នៅក្នុងរថយន្ត១គ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-2507 ។
សន្តិសុខយាមបុរីខាងលើ បានប្រាប់នគរបាលថា នៅវេលាម៉ោងខាងលើ ខណៈគាត់ដើរល្បាតបានប្រទះឃើញរថយន្ត១គ្រឿងខាងលើបុកផ្ទប់ជាប់បង្គោលភ្លើង ពេលនោះគាត់ក៏ដើរទៅមើល ឃើញរថយន្តខូចខាតបន្តិចបន្តួចប៉ុណ្ណោះ ។ ចំណែកកញ្ចក់ទ្វារខាងឆ្វេង គឺខាងអ្នកបើកបរចំហរ និងឃើញបុរសជនជាតិចិនរូបនោះដេកស្លាប់ក្នុងរថយន្តបាត់ទៅហើយ បន្ទាប់មកគាត់ក៏បានទៅគោះទ្វារផ្ទះជនជាតិចិនរូបនោះ ដែលស្ថិតនៅជិតកន្លែងកើតហេតុ និងស្រែកហៅកូនជនរងគ្រោះខាងលើឲ្យចេញមើលបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង ។
បើតាមបុរសម្នាក់ចេះនិយាយភាសាចិន បានប្រាប់ថា គាត់បានសួរនាំកូនប្រុសជនរងគ្រោះ កូនប្រុសរូបនោះបានស្នើសុំឲ្យសមត្ថកិច្ចឆែកមើលកាមេរ៉ាសុវត្ថិភាពនៅតាមផ្ទះប្រជាពលរដ្ឋជិតៗនោះ ដើម្បីចង់ដឹងថា ឪពុករបស់ខ្លួនមានរឿងអី តើត្រូវគេសម្លាប់ ឬបែបណា ។
ពេលសមត្ថកិច្ចឆែកមើលកាមេរ៉ាសុវត្ថិភាព អត់ឃើញមាននរណាមកជាមួយជនរងគ្រោះទេ ហើយពេលគាត់សួរថា តើកន្លងមកអ្នកស្លាប់ធ្លាប់មានជំងឺអីដែរទេ? ហើយគាត់ទៅណាមកណាដែរ ? កូនរូបប្រុសនោះបានឆ្លើយថា ឪពុកខ្លួនអត់ដែលមានជំងឺអីទេ ហើយខ្លួនក៏មិនបានដឹងថា ឪពុកទៅណា,មកណានោះដែរ ។
ក្រោយពេលទទួលបានដំណឹងនេះ កម្លាំងនគរបាលប៉ុស្តិ៍ព្រែកកំពឹស និងនគរបាលខណ្ឌដង្កោ រួមទាំងនគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅពិនិត្យកន្លែងកើតហេតុ និងធ្វើកោសល្យវិច្ច័យសាកសពតាមជំនាញ ៕










