ភ្នំពេញ៖ យោងតាមបញ្ជាដឹកនាំរបស់ លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងតាមការចង្អុលណែនាំពីលោកឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២៣ ខែមករាឆ្នាំ២០២៦នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងបង្រ្កាបលើករណីឆបោកប្រាក់ក្រោមរូបភាពបន្លំជាអ្នកបកប្រែឱ្យជនរងគ្រោះដែលជាអ្នកជម្ងឺទៅព្យាបាលជម្ងឺនៅក្រៅប្រទេស និងឆបោកជនរងគ្រោះឱ្យផ្ទេរប្រាក់តាមគណនីធនាគារ។
ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ជ.ល.ណ ភេទស្រី ជនជាតិខ្មែរ។ តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះបានយកគណនីធនាគាររបស់ខ្លួនធ្វើសកម្មភាពឆបោកជនរងគ្រោះដើម្បីទទួលផលពីអំពើទុច្ចរិតខាងលើនេះ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
នាយកដ្ឋានសូមក្រើនរំលឹកដល់សាធារណជន សូមមានការប្រុងប្រយ័ត្នពេលទៅសម្រាកព្យាបាលជម្ងឺ និងមានតម្រូវការសេវាកម្មបកប្រែនៅមន្ទីរពេទ្យក្រៅប្រទេស មុនធ្វើការទូទាត់ប្រាក់ព្យាបាលជម្ងឺ សូមបញ្ជាក់និងពិនិត្យអោយបានច្បាស់លាស់ ជៀសវាងមានជនខិលខូចក្លែងបន្លំឯកសារមន្ទីរពេទ្យដើម្បីឆបោកឲ្យផ្ទេរតាមគណនីធនាគារមិនស្គាល់ប្រភពច្បាស់លាស់ ដែលបណ្ដាលឲ្យបាត់បង់ទ្រព្យសម្បត្តិជាយថាហេតុ៕
ដោយ៖ ជ្រោយពេជ្រ










