ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានថ្លែងថា ៖ រយៈពេល ៤៧ឆ្នាំ ក្រោយការចាប់បដិសន្ធិ នាថ្ងៃទី២ ធ្នូ ១៩៧៨ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បាននិងកំពុងបន្តពូនជ្រុំស្មារតីយុវជន និងបេសកកម្មជាប្រវត្តិសាស្ត្រ ក្នុងនាមជាអង្គការសមាគមយុវជនដ៏ធំជាងគេនៅកម្ពុជា ដោយបន្តនាំមកនូវចំណុចរួម ពង្រឹងកត្តាសាមគ្គីឯកភាព ផ្អែកលើបុព្វហេតុដែលតម្កល់ផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រទេសជាតិ និងប្រជាជន ជាចម្បង នៅគ្រប់កាលៈទេសៈ។
លោកថា ៖ កិច្ចខិតខំប្រឹងប្រែង និងការលះបង់របស់ថ្នាក់ដឹកនាំជំនាន់មុន គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការស្វែងរកសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ ដែលអនុញ្ញាតឱ្យយើងសម្រេចបាននូវសមិទ្ធផលជាច្រើនមកដល់បច្ចុប្បន្ន។
លោកបន្តថា ៖ ក្នុងនាមយុវជនជំនាន់ក្រោយ ខ្ញុំពិតជាមានមោទនភាពចំពោះគំរូវីរភាពរបស់ថ្នាក់ដឹកនាំជំនាន់មុន ដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់កម្ពុជា ដោយឈរលើ កត្តា ៣ សំខាន់ៗ៖ ទី១. ការបិទទំព័រខ្មៅងងឹតនៃការកាប់សម្លាប់ជាតិសាសន៍ឯង នៅក្នុងរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ, ទី២. ការកសាងប្រទេសឡើងវិញពីបាតដៃទទេ លើគ្រប់វិស័យ ទាំងសេដ្ឋកិច្ច ការពារជាតិ ការបរទេស រដ្ឋបាលសាធារណៈ វប្បធម៌ សីលធម៌សង្គម ដែលជាខឿនដ៏រឹងមាំនៃសង្គមជាតិយើង, និង ទី៣. អន្តរកាលនៃការបន្តវេន ប្រកបដោយស្ថិរភាព ដែលជាបុរេលក្ខណ្ឌដ៏ចាំបាច់សម្រាប់ការបន្តពង្រឹងវិបុលភាព និងធានាអនាគតនៃប្រទេសជាតិ។
ពីនេះ ទៅមុខ តើយើងម្នាក់ៗ ក្នុងនាមជាបុគ្គល និងជាជាតិសាសន៍មួយ ត្រូវធ្វើអ្វីខ្លះ ដើម្បីរួមចំណែកដល់ការថែរក្សា ការពារនូវរាល់សមិទ្ធផលដែលជាមរតកដ៏មានតម្លៃ និងបន្តកសាងជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត? ៕
ដោយ ៖ សិលា










