ការប្រកួតដណ្តើមជើងឯក La Liga បានបន្តផ្លាស់ប្តូរយ៉ាងគួរឱ្យរំភើប ខណៈ Real Madrid បានឡើងឈរលើកំពូលតារាង យកតំណែង Barcelona បន្ទាប់ពីយកឈ្នះ Villarreal ក្នុងលទ្ធផល 2-0។
ខ្សែប្រយុទ្ធបារាំងKylian Mbappe បន្ថែមគ្រាប់បាល់សរុបរបស់គាត់ក្នុងរដូវកាលនេះទៅដល់ 21 គ្រាប់ ក្នុង 19 ប្រកួតលីគ ដោយស៊ុតជិតទីក្នុងដើមវគ្គទីពីរ និងបាល់ប៉េណាល់ទីនៅម៉ោងបន្ថែមជិតចប់ការប្រកួត។
វគ្គទីមួយ ទាំងពីរក្រុមមានតែឱកាសតិចតួចប៉ុណ្ណោះ ហើយការប្រកួតមើលទៅស្ងប់ស្ងាត់ ប៉ុន្តែក្រោយពេលចូលវគ្គទីពីរ ក្រុមរបស់ Álvaro Arbeloa បង្ហាញសមត្ថភាពកាន់តែស្វាហាប់ ហើយរកគ្រាប់បាល់បានភ្លាមៗ។
កីឡាករប្រេស៊ីលVinicius បង្ហាញទម្រង់លេងល្អក្នុងវគ្គទីពីរ ខណៈ Real Madrid គ្រប់គ្រងការប្រកួតបានល្អ ប៉ុន្តែគាត់មិនអាចរកគ្រាប់បាល់បានទេ ធ្វើឱ្យការរកគ្រាប់បាល់មិនបានក្នុង La Liga របស់គាត់បន្តទៅដល់ 13 ប្រកួតជាប់ៗគ្នា។
Real Madrid ធ្លាប់តាមក្រោយ Barcelona 4 ពិន្ទុ នៅពេល La Liga ចាប់ផ្តើមឡើងវិញក្នុងខែមករា ប៉ុន្តែការបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមដឹកនាំដោយ Hansi Flick ទល់នឹង Real Sociedad កាលសប្តាហ៍មុន បានបើកឱកាសឱ្យ Real ដាក់សម្ពាធវិញ។
អធិរាជសReal Madrid បានឈ្នះ 3 ប្រកួតចុងក្រោយជាប់ៗគ្នា ក្នុងគ្រប់ការប្រកួតទាំងអស់ ក្រោមការដឹកនាំរបស់ Arbeloa ដែលបានចូលមកជំនួស Xabi Alonso បន្ទាប់ពីការបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើល 3-2 ទល់នឹងក្រុមលីគទីពីរ Albacete ក្នុងវគ្គ 16 ក្រុមចុងក្រោយ នៃពាន Copa del Rey។
បច្ចុប្បន្ន ក្រុមរបស់លោក Arbeloa នាំមុខ 2 ពិន្ទុនៅលើកំពូលតារាង ប៉ុន្តែ Barcelona អាចឡើងទៅកំពូលវិញ ប្រសិនបើពួកគេយកឈ្នះក្រុមបាតតារាង Real Oviedo នៅថ្ងៃអាទិត្យនេះ៕










