ខេត្តមណ្ឌលគិរី៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលា យប់ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៥ ត្រង់ចំណុច ចន្លោះគីឡូម៉ែត្រលេខ ៥២/៥៣ ផ្លូវជាតិលេខ ៧៦ ស្ថិតនៅភូមិត្រពាំងផ្អេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បណ្ដាលឲ្យនគរបាលម្នាក់បាត់បង់ជីវិត។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់នេះកើតឡើងដោយសារការបើកបររថយន្ត ធ្លាក់ផ្លូវដោយខ្លួនឯង ខណៈធ្វើដំណើរពីទិសលិចទៅកើត។ អ្នកបើកបររថយន្តត្រូវបានស្គាល់ឈ្មោះ សា ផល្លា ភេទប្រុស អាយុ ៥៥ ឆ្នាំ មុខរបរ នគរបាល រស់នៅភូមិត្រពាំងផ្អេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ជនរងគ្រោះបានស្លាប់នៅនឹងកន្លែងកើតហេតុ ដោយសាររបួសធ្ងន់ធ្ងរ បាក់ក។
រថយន្តដែលជនរងគ្រោះបើកបរ ជារថយន្តម៉ាកហ្វូត ពណ៌ស ពាក់ផ្លាកលេខ មណ្ឌលគិរី B-6776។
យោងតាមការសាកសួរពីសាច់ញាតិ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅចូលរួមពិធីមង្គល ការនៅភូមិត្រពាំងផ្អេ ហើយមានអាការៈវិលមុខ មិនស្រួលខ្លួន ទើបសម្រេចចិត្តបើករថយន្តត្រឡប់មកផ្ទះវិញតែម្នាក់ឯង ដែលជាហេតុនាំឲ្យកើតមានគ្រោះថ្នាក់អកុសលនេះ។
ប្រភពព័ត៌មានបានបញ្ជាក់ថា សាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះសព ខណៈដែលរថយន្ត ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅផ្ទះសពផងដែរ។
សមត្ថកិច្ចក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមបើកបរដោយប្រុងប្រយ័ត្ន ជាពិសេសនៅពេលយប់ និងពេលមានអាការៈមិនស្រួលខ្លួន ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើងជាយថាហេតុ៕










