លោកស្រី ម៉ែន សំអន ចូលរួមក្នុងពិធីសម្ពោធអគារសិក្សាថ្មី១ខ្នង នៅសាលាបឋមសិក្សាពេជ្រមន្ត្រី

ចែករំលែក៖

ខេត្តស្វាយរៀង៖ កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ លោកស្រីឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានចូលរួមក្នុងពិធីសម្ពោធអគារសិក្សាថ្មី១ខ្នង ០៤បន្ទប់ នៅសាលាបឋមសិក្សាពេជ្រមន្ត្រី ដែលស្ថិតនៅក្នុងឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្ដស្វាយរៀង។

នាឱកាសនោះលោកស្រីក៏បានមានប្រសាសន៍ថា ថ្ងៃនេះខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយក្រៃលែង ដោយបានមកចូលរួមជាមួយ ព្រះសង្ឃគ្រប់ព្រះអង្គ លោកឧកញ៉ា លោក លោកស្រី លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ ក្មួយៗ សិស្សានុសិស្ស បងប្អូនទាំងអស់ ក្នុងពិធីសម្ពោធឆ្លងអគារថ្មីនាពេលនេះ ។ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៥ នៃរដ្ឋសភា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបន្តអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ក្នុងគោលដៅជំរុញកំណើន បង្កើតការងារ ធានាសមធម៌ និងប្រសិទ្ធភាព ហើយនាំប្រទេសជាតិឆ្ពោះទៅប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។ សម្តេចនាយករដ្ឋមន្ត្រី បានធ្វើការកែទម្រង់រដ្ឋយ៉ាងស៊ីជម្រៅគ្រប់វិស័យ ដោយផ្អែកលើយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និងការកំណត់នូវទស្សនវិស័យអភិវឌ្ឍប្រទេសសម្រាប់អនាគតដ៏ច្បាស់លាស់ ក្នុងការអនុវត្តគោលនយោបាយ ៤យ៉ាង ជាគន្លឹះ គឺ ៖ មនុស្ស ទឹក ផ្លូវ និងភ្លើង ដើម្បីជាមូលដ្ឋានក្នុងការអភិវឌ្ឍនប្រទេសជាតិ។

លោកស្រីបានបន្តទៀតថា ជានិច្ចកាលសម្តេចតេជោ តែងយកចិត្តទុកដាក់ជាអាទិភាពលើវិស័យអប់រំ និងបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៣-២០១៨ អំពីគោលនយោបាយជាអាទិភាពលើការពង្រឹងគុណភាពវិស័យអប់រំ។

លោកស្រីក៏បានសំណូមពរឲ្យ ៖ ទី១-មាតា បិតា សិស្ស ត្រូវមានកាតព្វកិច្ច នាំកូនទៅចុះឈ្មោះចូលរៀន ឲ្យបានគ្រប់ៗគ្នា ទី២-អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ខិតខំថែមទៀតក្នុងការការពារសន្ដិសុខសណ្ដាប់ធ្នាប់សង្គមនៅក្នុងមូលដ្ឋានរបស់ខ្លួន និងទី៣-បងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ត្រូវទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា៕

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 173

ដោយ៖ សីលា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print