ខេត្តកំពង់ស្ពឺ៖ ករណីហិង្សានៅក្នុងកម្មវិធីមង្គលការថ្មីមួយទៀតបានកើតឡើងនៅឯស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ ធ្វើឲ្យក្រុមគ្រួសារសាមីដើមការខាតបង់និងបាត់បង់កិត្តិយសព្រោះតែអ្នកចូលរួមក្នុងកម្មវិធីបង្ក។
ដោយអនុវត្ដតាមបញ្ជាដឹកនាំលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង២២និង៣០នាទី នៅចំណុចភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ មានករណីហិង្សាវាយគ្នាទៅវិញទៅមកនៅក្នុងកម្មវិធីមង្គលការមួយកើតឡើងដែលបង្កឡើងដោយភ្ញៀវខាងកូនប្រុសនិងភ្ញៀវខាងកូនស្រីចំនួន២ក្រុមបានធ្វើសកម្មភាពយកកែវស្រា គប់និងវាយគ្នាទៅវិញទៅមកបណ្ដាលឲ្យរងរបួសទាំងសងខាង ។
ក្រោយហេតុការណ៍ខាងលេី កំលាំងនគរបាលស្រុកដឹកនាំដោយលោកវរសេនីយ៍ទោ សាវ សុភក្ដី អធិការនគរបាលបានចុះដល់កន្លែងកេីតហេតុ រោងមហាសេរីមង្គល ឃាត់ខ្លួន ៖
ភ្ញៀវខាងកូនស្រីមានបក្សពួកចំនួន៣នាក់
(១)-ឈ្មោះ ផល ភួយ ភេទប្រុស អាយុ២៥ឆ្នាំ ត្រូវរបួសស្រាលចំក្បាល (ឃាត់ខ្លួនបាន)
(២)-ឈ្មោះ កូវ ពន្លឺ ភេទប្រុស
អាយុ២០ឆ្នាំ ត្រូវរបួសស្រាលចំម្រាមដៃ (ឃាត់ខ្លួនបាន)
(៣)-ឈ្មោះ ថន តាក់ ភេទប្រុស
អាយុ៣២ឆ្នាំ (គេចខ្លួន)រស់នៅនៅភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្ដកំពង់ស្ពឺ ។
ភ្ញៀវខាងកូនប្រុស មានបក្សពួកចំនួន២នាក់
(១)-ឈ្មោះ វ៉ន់ វីរៈ ភេទប្រុស អាយុ៣១ឆ្នាំ ជាអ្នកកាន់ខ្សែរក្រវ៉ាត់វៃ (ឃាត់ខ្លួនបាន )
(២)-ឈ្មោះ រស់ រ៉ាយ ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវរបួសធ្ងន់ចំក្បាលដេរចំនួន៣០ឆ្នេរ (កំពុងព្យាបាលនៅមន្ទីពេទ្យ) រស់នៅ ភូមិត្រពាំងរុន ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្ដកំពង់ស្ពឺ ។
សមត្ថកិច្ចរកឃេីញវត្ថុតាងដែលបន្សល់ទុកនៅកន្លែងកើតហេតុ អំពែងកែវបែកមួយចំនួន។ បច្ចុប្បន្នក្រុមជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីបន្ត៕










