ភ្នំពេញ៖ អតីតមេភូមិម្នាក់បានអុជធូបលើអាសនៈសែនថ្ងៃសីលភ្លេចខ្លួន ក៏ស្រាប់តែបង្កជាអណ្ដាតភ្លើងឆាបឆេះផ្ទះវីឡាជាន់ទី១សន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរ និងសមត្ថកិច្ចព្រមទាំងរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ ហើយបាញ់ទឹកពន្លត់អស់១រថយន្ត ភ្លើងក៏បានរលត់ទៅវិញទាំងស្រុង ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នៅក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ម្ចាស់ផ្ទះខាងលើឈ្មោះមុំ សានហៅ ស ភេទប្រុស អាយុ ៦៥ឆ្នាំ ជាអតីតមេភូមិព្រៃសាលា សង្កាត់កាកាបទី២នោះ ចំណែកផ្ទះរបស់គាត់គីជាប្រភេទផ្ទះវីឡា ហើយរងការខូចខាត១បន្ទប់ជាន់ទី១ រួមទាំងអាសនៈ និងទូ១ឈើគ្រឿងផងដែរ ។
បើតាមអ្នកជិតខាងរបស់គាត់បាននិយាយថា នៅមុនពេលកើតហេតុ ម្ចាស់ផ្ទះខាងលើបានអុជធូបសែនលើអាសនៈ ព្រោះថ្ងៃនេះគឺជាថ្ងៃសីល ហើយគាត់ភ្លេចមើល ក៏បង្កជាអណ្ដាតភ្លើងឆាបឆេះឡើងសន្ធោសន្ធៅ និងមានផ្សែងហុយចេញក្រៅទ្រុបទ្រុលតែម្ដង ។ ពេលនោះបង្កឲ្យមានការភ្ញាក់ផ្អើលពេញភូមិ ហើយអ្នកភូមិបានជួយយកបំពង់ពន្លត់អគ្គិភ័យបាញ់អស់ជាច្រើនបំពង់តែអត់រលត់ ក៏រាយការជូនអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យឲ្យជួយអន្តរាគមន៍ភ្លាមៗ ចំណែលរថយន្តពន្លត់អគ្គិភ័យ ក៏បានទៅកាន់ទីនោះចំនួន២គ្រឿង ។
ខណៈនោះ ក្រោយពីការបាញ់ទឹកអស់១រថយន្តភ្លើងក៏រលត់ទៅវិញទាំងស្រុង មិនបានឆេះរាលដល់កន្លែងផ្សេង ឬបណ្ដាលឲ្យម្ចាស់ផ្ទះខាងលើរងរបួសនោះឡើយ ៕










