ជនសង្ស័យម្នាក់បែកថ្នាំវាយកម្ទេចកោដ្ឋដាក់ធាតុ ប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្តង

ចែករំលែក៖

ខេត្តកណ្តាល÷ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពវាយកម្ទេចកោដ្ឋដាក់ធាតុជីដូន-ជីតាបណ្ដាលឲ្យខូចខាតធ្វើឲ្យឪពុកបង្កើតទ្រាំលែងបានក៏ប្តឹងឲ្យសមត្ថកិច្ចចុះឃាត់ខ្លួនតែម្តង។

ករណីនេះបានកើតឡើងកាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង២០និង៣០នាទី នៅចំណុចភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ យន់ សុខគង់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ(កម្មកររោងចក្រ) រស់នៅភូមិឃុំកើតហេតុ (ពិនិត្យទឹកនោមមានសារធាតុញៀនវិជ្ជមាន)។ 

រីឯជនរងគ្រោះត្រូវជាឪពុកបង្កើតឈ្មោះ យន់ សុខជា ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរ(កសិករ) ។ 

វត្ថុតាងដែលដកហូតបានរួមមាន ÷ ចបជីកដែក (ចំនួន ១ ) ប្រវែង១០០ សង់ទីម៉ែត្រ។ រីឯសម្ភារដែលខូចខាតរួមមាន : កញ្ចក់ទ្វារ១ផ្ទាំងនិងកោដ្ឋសម្រាប់ដាក់ធាតុចំនួន៤ទៀតផង។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះកំពុងសម្រាកក្នុងបន្ទប់ខាងក្រោមផ្ទះជាមួយប្រពន្ធនិងកូនស្រី។ លុះដល់វេលាម៉ោងកើតហេតុស្រាប់តែឮសូរសំឡេងវាយកន្លែងដាក់(ធាតុជីដូន-ជីតា)នៅលើផ្ទះ។ ជនរងគ្រោះក៏ដើរទៅមើលឃើញកូនប្រុសបង្កើត (ជនសង្ស័យ) កំពុងធ្វើសកម្មភាពវាយកម្ទេចកោដ្ឋដាក់ធាតុបែកខ្ទេចអស់ចំនួន ៤។ ឃើញដូច្នេះជនរងគ្រោះមិនបានសួរនាំអ្វីទេក៏ដើរចូលដេកវិញ ។ មួយសន្ទុះក្រោយ មក ស្រាប់តែឮសំឡេងវាយកញ្ចក់ទ្វារខាងមុខផ្ទះមួយតង់ទៀត ពេលចេញទៅមើលក៏ឃើញកូនប្រុសកំពុងកាន់ចបជីក វាយកញ្ចក់ទ្វារបែកអស់១ផ្ទាំង ទើបសម្រេចចិត្តប្ដឹងសមត្ថកិច្ចតែម្ដង។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print