ខេត្តព្រះសីហនុ៖ អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ សាលាដំបូងខេត្តព្រះសីហនុ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៩៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ទាក់ទិននឹងករណី ជួញដូរ និងរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន មានជនត្រូវចោទ៖
១-ឈ្មោះ SUN HAO RAN ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន ពីបទ ជួញដូរ និងរក្សាទុក ដោយ ខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅសង្កាត់លេខ៤, សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាល ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៤៨ កថាខណ្ឌទី១, ទី៣ និងកថាខណ្ឌទី៦ ចំណុចទី១ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
២-ឈ្មោះ LIN CHING YAO ហៅ LIN JING YAO ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន(តៃវ៉ាន់)
៣-ឈ្មោះ LI CHENG CHIA ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន (តៃវ៉ាន់)
ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅសង្កាត់លេខ៤, សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោស តាមមាត្រា៤៨ កថាខណ្ឌទី៣ និងកថាខណ្ឌទី៦ ចំណុចទី១ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ វេលា ម៉ោង ០០ និង០៥នាទី មានប្រជាពលរដ្ឋរាយការណ៍ពីករណីផ្ទុះអាវុធមួយកើតឡើង ម្តុំកាស៊ីណូ ប៉ឡាយ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវកំណត់បាននូវអត្តសញ្ញាណ រថយន្តសង្ស័យចំនួន២គ្រឿង គឺ រថយន្ត ម៉ាក FORD MUSTANG ពណ៌ខ្មៅ ស្លាកលេខ កម្ពុជា H.V.CT68 និង រថយន្ត ម៉ាក LEXUS CT200h ពណ៌ស ស្លាកលេខ ភ្នំពេញ 2CC-9214 និងដេញតាមរថយន្តសង្ស័យពីក្រោយ ធ្វើអោយមានការផ្ទុះអាវុធកើតឡើង បណ្តាលឱ្យជនសង្ស័យម្នាក់រងរបួសធ្ងន់ និងបានស្លាប់នៅមន្ទីរពេទ្យ និង ឃាត់ខ្លួនបានជនសង្ស័យ ចំនួន៣នាក់ បន្ថែមទៀត ព្រមទាំងដកហូតបានថង់វេចខ្ចប់ ចំនួន៣ដុំ ទម្ងន់សរុបជាង ៦ គីឡូក្រាម។
បន្ទាប់ពីបានសួរយកចម្លើយ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនបណ្តោះអាសន្នលើ ជនត្រូវចោទខាងលើ ដើម្បីបន្តការស៊ើបសួរតាមនីតិវីធី ដោយឡែកបក្ខពួកដែលកំពុងគេចខ្លួន ចៅក្រមស៊ើបសួរ នឹងមានចំណាត់ការបន្តទៅតាមនីតិវិធី៕
ដោយ៖តារា










