វៀតណាម៖ ជនសង្ស័យ បានសារភាពថា រូបគេបានដំណើរការអាជីវកម្មខុសច្បាប់នេះតាំងពីឆ្នាំ ២០២១ មកម្ល៉េះ។ ក្នុងរយៈពេលប្រហែល ៥ ឆ្នាំកន្លងមកនេះ គេបានប្រើប្រាស់សារធាតុ Sodium Silicate ប្រមាណ ៥០០ តោន ដើម្បីកែច្នៃសាច់ខ្យងសរុបជាង ៣,០០០ តោន។ គោលបំណងនៃការប្រើប្រាស់គីមីនេះ គឺដើម្បីធ្វើឱ្យសាច់ខ្យងមើលទៅស្រស់ ឡើងប៉ោងធំ និងមានទម្ងន់ធ្ងន់ជាងមុន ដើម្បីទទួលបានប្រាក់ចំណេញកាន់តែច្រើន។
សារធាតុ Sodium Silicate ជាធម្មតាត្រូវបានគេប្រើប្រាស់ក្នុងវិស័យសំណង់ ដូចជាការផលិតឥដ្ឋ និងស៊ីម៉ង់ត៍។ វាត្រូវបានហាមឃាត់ដាច់ខាតក្នុងការប្រើប្រាស់ក្នុងអាហារ ដោយសារវាមានកម្រិតអាល់កាឡាំងខ្ពស់ ដែលអាចបណ្តាលឱ្យខូចខាតធ្ងន់ធ្ងរដល់ប្រព័ន្ធរំលាយអាហារ រលាកស្បែក និងភ្នែក។ លទ្ធផលធ្វើតេស្តពីវិទ្យាសាស្ត្រកោសល្យវិច័យបានបញ្ជាក់ថា រាល់គំរូសាច់ខ្យងដែលដកហូតបាន សុទ្ធតែមានផ្ទុកសារធាតុពុលនេះទាំងអស់។
អាជ្ញាធរវៀតណាម បានបង្ក្រាបទីតាំងកែច្នៃអាហារខុសច្បាប់ខ្នាតធំមួយ ដែលបានប្រើប្រាស់សារធាតុគីមី ដើម្បីយកមកត្រាំសាច់ខ្យងជាង ៣,០០០ តោន មុននឹងចែកចាយទៅលើទីផ្សារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
យោងតាមរបាយការណ៍ពីនាយកដ្ឋានប៉ូលីសសេដ្ឋកិច្ចនៃទីក្រុងហូជីមិញ កម្លាំងសមត្ថកិច្ចបានចុះឆែកឆេរទីតាំងកែច្នៃមួយកន្លែងដែលគ្មានស្លាកយីហោ ស្ថិតក្នុងខណ្ឌ Binh Dong។ នៅទីនោះ ប៉ូលីសបានរកឃើញកម្មករកំពុងត្រាំសាច់ខ្យងប៉ោម (Apple Snails) ជាង ៣ តោន នៅក្នុងធុងទឹកដែលមានលាយសារធាតុគីមីម្យ៉ាង។ ក្រៅពីសាច់ខ្យង សមត្ថកិច្ចក៏បានរឹបអូសសារធាតុ Sodium Silicate ចំនួន ១,៥៧៥ គីឡូក្រាម ដែលត្រូវបានគេស្គាល់ថាជា (Liquid Glass)។
បច្ចុប្បន្ន ប៉ូលីសទីក្រុងហូជីមិញបានសម្រេចឃាត់ខ្លួនឈ្មោះ Huynh Van Truong និងកសាងសំណុំរឿងពីបទ «រំលោភលើបទបញ្ជាសុវត្ថិភាពចំណីអាហារ»។ អាជ្ញាធរក៏កំពុងបន្តស៊ើបអង្កេតបន្ថែម ដើម្បីស្វែងរកប្រភពផ្គត់ផ្គង់សារធាតុគីមី និងក្រុមអាជីវករដទៃទៀតដែលបានទិញសាច់ខ្យងពុលនេះទៅចែកចាយបន្ត។
រឿងនេះបានធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងដល់សាធារណជន ព្រោះផលិតផលទាំងនេះត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅក្នុងការផ្គត់ផ្គង់អាហារអស់រយៈពេលជាច្រើនឆ្នាំមកហើយ៕
ដោយ៖តារា










