ខេត្តកណ្ដាល÷បុរសម្នាក់ដែលញៀនថ្នាំយ៉ាងខ្លាំងបានយកពូថៅកាប់បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ និងជេរ ប្រមាថប្រពន្ធខ្លួនឯង ធ្វើឲ្យប្រពន្ធទ្រាំលែងបានសម្រេចចិត្តប្ដឹងសមត្ថកិច្ចឲ្យចុះចាប់ខ្លួន។
ករណីនេះបានកើតឡើងកាលពីថ្ងៃទី២៦ មករា ២០២៦ វេលាម៉ោង ១៦និង០០នាទី នៅចំណុចភូមិជើងព្រៃទី២ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចឲ្យដឹងថា ជន សង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះ ធឿង ប៊ុនថេត ភេទ ប្រុស អាយុ ៤១ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុ (មានសារធាតុញៀនក្នុងទឹកនោម)។ ចំណែកឯជនរងគ្រោះត្រូវជាប្រពន្ធឈ្មោះ វៃ ដាលីន អាយុ ៣៩ ឆ្នាំមុខរបរកម្មការិនីរោងចក្រ។ វត្ថុតាងដែលដកហូតបានរួមមាន÷ពូថៅផ្លែដែកដងឈើ១(ប្រវែង ៤១សង់ទីម៉ែត្រ) ។ រីឯសម្ភារដែលខូចខាតរួមមាន សាឡុងឈើ ២, គ្រែឈើ ១, តុឈើ ១ ដើមខ្នុរ ១ដើម។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ ជនរង គ្រោះបានចេញទៅធ្វើការនៅរោងចក្រដូចសព្វមួយដង។ នៅវេលាម៉ោងកើតហេតុ ស្រាប់តែប្អូនថ្លៃទូរស័ព្ទប្រាប់ថា ប្ដីរបស់គាត់កំពុងឡូឡា វាយបំផ្លាញទ្រព្យ សម្បត្តិក្នុងផ្ទះ។ លុះពេលត្រឡប់មកដល់ផ្ទះវិញ ជនរងគ្រោះឃើញសម្ភារបែកបាក់ខូចខាតខ្ទេចខ្ទី ហើយថែមទាំងត្រូវប្ដីស្រែកជេរប្រមាថ រកកលប្រើអំពើហិង្សាថែមទៀត។
ដោយសារតែជនសង្ស័យតែងតែប្រើប្រាស់ថ្នាំញៀន និងអុកឡុកជាញឹកញាប់ ធ្វើឲ្យជនរងគ្រោះភ័យខ្លាចពីសុវត្ថិភាព ក៏សម្រេចចិត្តប្ដឹងសមត្ថកិច្ចប៉ុស្តិ៍អំពៅព្រៃឲ្យចុះអន្តរាគមន៍ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕










