ភ្នំពេញ៖ តម្លៃហាងឆេងមាស បានដាំក្បាលចុះក្រោម ៦ ពាន់ដុល្លារ ក្នុងមួយតម្លឹង នៅថ្ងៃសៅរ៍ទី ៣១ ខែមករា ឆ្នាំ ២០២៦នេះ បន្ទាប់ពីកើនឡើងដល់ជិត ៧ ពាន់ដុល្លារ ក្នុងមួយតម្លឹង កាលពីថ្ងៃព្រហស្បតិ៍។
បើតាមប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities លោក ឡុង សំណាង បានអះអាងថា ប្រសិនបើស្ថានភាពនយោបាយមានភាពតានតឹង ឬក៏ពាក់ព័ន្ធជាមួយពន្ធមួយចំនួន តម្លៃហាងឆេងមាសអាចនឹងឡើងដល់ ៧ ពាន់ដុល្លារក្នុងមួយតម្លឹង នៅពាក់កណ្ដាលឆ្នាំ ២០២៦ នេះ ប៉ុន្តែនៅចន្លោះឆមាសទី១ មានឹងមានការធ្លាក់ចុះ។
លោកបន្ថែមថា៖ «ការធ្លាក់ចុះនេះ ជាធម្មតាគេវិភាគទៅលើចិត្តសាស្ត្រ ឬក៏របៀបនៃការវិនិយោគរបស់ធនាគារធំៗ គេតែងតែយកផលចំណេញក្នុងអំឡុងឆមាស ឬក៏ត្រីមាសទី១ មុន ដោយសារតែតម្លៃហាងឆេងមាសឡើងដល់គោលដៅដេលគេចង់បាន ប៉ុន្តែវាស្ទុះឡើងទៀត បន្ទាប់ពីការធ្លាក់ចុះហើយ»។
គិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ តម្លៃមាសតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញលក់ចេញក្នុងតម្លៃ ៥៩០ ដុល្លារ ក្នុងមួយជី៕
ដោយ៖តារា










