ភ្នំពេញ៖ កម្មវិធីនៃការប្រគុំតន្ត្រីរបស់សប្បុរសធម៌ “តន្ត្រីសប្បុរសធម៌កម្លាំងទឹកចិត្តសិល្បករខ្មែរជួយខ្មែរ”ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកញ្ញា កន្លងទៅ នៅក្នុងបុរី ញូថោន(អូដឹម) ដើម្បីស្វែងរកថវិកាយកទៅសាងសង់សាលារៀន និងស្ពាននៅតំបន់ដាច់ស្រយាលមួយនៅខេត្តកោះកុងបានបញ្ចប់រួចរាល់។ បើទោះបីជាចំនួនអ្នកចូលទស្សនាកម្មវិធីខាងលើមានចំនួនច្រើនក្តីក៏ថវិកាដែលរំពឹងបានពីការប្រគុំតន្ត្រីខាងលើមិនទាន់គ្រប់ចំនួននៃការសាងសង់សាលារៀននៅឡើយ ដែលធ្វើឲ្យតារាចម្រៀងរូបនេះនឹងបន្តសកម្មភាពច្រៀងនៅក្រៅប្រទេសនិងកម្មវិធីប្រគុំតន្ត្រីនៅតាមខេត្តទៀតដើម្បីបង្គ្រប់ថ្លៃសាងសង់សាលារៀននោះ។
លោក ទិត្យ វិច្ឆិកាបានបញ្ជាក់ថា បន្ទាប់ពីធ្វើតន្ត្រីសប្បុរសធម៌ក្នុងគម្រោងជួយដល់សាលារៀនមួយខ្នងនៅខេត្តកោះកុង ហើយមិនទទួលបានថវិកាពីការរ៉ៃអង្គាសតាមគ្រោងទុក លោក ថា មិនរាថយនោះទេ។ លោកប្រកាសរៀបចំការប្រគុំតន្ត្រីសប្បុរធម៌បែបនេះរហូតដល់២៥រាជធានីខេត្ត នៅអំឡុងចុងឆ្នាំនេះ។ លោកទិត្យ វិច្ឆិកា លើកឡើងថា ក្រោយបញ្ចប់ការប្រគុំតន្ត្រីសប្បុរសធម៌អស់រយៈពេល៤ថ្ងៃ លោកទទួលបានថវិកា ជាង២៤លានរៀលប៉ុណ្ណោះពីការរ៉ៃអង្គាស និងតាំងស្ដង់របស់ម្ចាស់ក្រុមហ៊ុន។ លោកបន្តថា បណ្ដាសប្បុរសជនជាច្រើន ក៏បានផ្ដល់ការបរិច្ចាគជួយដល់គម្រោងសង់សាលានៅខេត្តកោះកុងដែលលោកលើកឡើងសរុបប្រមាណជា១ម៉ឺនដុល្លារផងដែរ។ លោកថា ជាការសោកស្ដាយដែលកម្មវិធីប្រគុំតន្ត្រីមិនទទួលបានថវិកាឲ្យលើសពីការចំណាយ ប៉ុន្តែលោកថាការរៀបចំនោះក៏ធ្វើឲ្យអ្នកផលិតកម្មវិធីនៅប្រទេសកូរ៉េ ចាប់អារម្មណ៍ និងផ្តល់កិត្តិយសឲ្យលោកនិងសិល្បករខ្មែរមួយចំនួនទៀតចេញទៅច្រៀងនៅប្រទេសកូរ៉េនៅដើមឆ្នាំ២០១៧ផងដែរ។ លោកថា គម្រោងសង់សាលាមួយខ្នង ប្រើទុនប្រមាណជាជាង៣ម៉ឺនដុល្លារ អ៊ីចឹងហើយទើបលោកសម្រេចចិត្តរៀបគម្រោងធ្វើការប្រគុំតន្ត្រី២៥រាជធានីខេត្តតែម្ដងចាប់ពីចុងឆ្នាំនេះតទៅ ។ ទោះមិនទាន់គ្រប់ថវិកាក្នុងការសាសង់ ប៉ុន្តែលោកនឹងចាប់ផ្តើមចុះទៅដល់មូលដ្ឋានទីតាំងគម្រោងសាងសង់ផ្ទាល់ដើម្បីចាប់ផ្តើមកសាងជាជំហ៊ានៗ។ លោករំពឹងថា ការប្រគុំតន្ត្រីមួយលើកៗក្រោយនឹងមិនខាតដើមដូចអ្វីដែលទើបទទួលរងនោះទេ ដោយសារតែម្ចាស់ក្រុមហ៊ុនជាច្រើនក៏បានប្រកាសថា ពួកគេនឹងទិញស្ដង់ដើម្បីឲ្យការប្រគុំតន្ត្រីមានចំណូលមិនលំបាកដូចមុន។ លោកចាត់ទុកថា ការប្រគុំតន្ត្រី៤ថ្ងៃកន្លងទៅជាការស្ទាបស្ទង់ទីផ្សារ និងមានជំនឿជឿជាក់ថាការប្រគុំតន្ត្រីស្វែងរកថវិការហូតដល់២៤ខេត្តក្រុងខាងមុខ នឹងជោគជ័យ ដើម្បីទទួលបានថវិកាជួយសាងសង់សមិទ្ធផលជាប្រយោជន៍ដល់សង្គមមិនខកបំណងដូចលើកមុន។
លោក ម៉ៅ រតនា អគ្គនាយកក្រុមហ៊ុន RGB Media បានបញ្ជាក់ថា កម្មវិធីប្រគុំតន្ត្រីខាងលើមានការលំបាកមួយចំនួនពិសេសទាក់ទងនឹងរដូវវស្សា ប៉ុន្តែតាមរយៈការសហការរួមគ្នានេះក៏ទទួលបានលទ្ធផលល្អប្រសើរមួយចំនួនដែរ។លទ្ធផលល្អប្រសើរគឺតាមរយៈអ្នកចូលរួមទស្សនាច្រើន ហើយលោកទិត្យ វិច្ឆិកាក៏ទទួលបានសំណើរឲ្យជួយជាបន្តបន្ទាប់។ លោកថា ដោយសារការរៀបចំលឿនពេកធ្វើឲ្យអ្នកសហការឧបត្ថម្ភពិបាកសម្រេចចិត្តក្នុងការចូលរួម ហើយជាមួយគ្នានេះមានកម្មវិធីប្រគុំតន្ត្រីតាំងពិព័រណ៍មានច្រើន។ ទោះជាយ៉ាងណាអ្នកឧបត្ថម្ភកម្មវិធីបានសន្យាក្នុងការជួយដល់កម្មវិធីនាឱកាសបន្ទាប់ទៀត។ លោកបញ្ជាក់ដែរថា ក្រុមហ៊ុនលោកនឹងបន្តសហការជាមួយនឹងកម្មវិធីពិព័រណ៍ និងការប្រគុំតន្ត្រីដូចគ្នានេះនៅតាមបណ្តាខេត្ត។ លោកបញ្ជាក់ដែរថា តាមរយៈការរៀបចំកម្មវិធីខាងលើនេះគឺសមាគមមួយនៅប្រទេសកូរ៉េបានចាប់អារម្មណ៍នឹងអញ្ជើញលោកទិត្យវិច្ឆិកា និងសិល្បករដទៃទៀតចេញទៅច្រៀងរកថវិកានៅទីនោះដែលថវិកាបានពីការច្រៀងនឹងត្រូវចែកជាពីរផ្នែកគឺមួយផ្នែកសម្រាប់ជួយដល់មន្ទីរពេទ្យគន្ធរបុប្ផា និងមួយផ្នែកទៀតជួយដល់គម្រោងរបស់លោកទិត្យ វិច្ឆិកា។
គួរបញ្ជាក់ដែរថា លោក ទិត្យ វិច្ឆិកា រួមនឹងតារាចម្រៀង តារាសម្តែង តារាកំប្លែងខ្មែរមួយចំនួនដែលស្រលាញ់ចូលចិត្តសកម្មភាពសប្បុរសធម៌បាននាំគ្នា រៀបចំកម្មវិធីប្រគុំតន្ត្រី និងតាំងពិព័រណ៍មួយដែលមានរយៈពេល៤ថ្ងៃគឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នៅក្នុងបុរី ញូថោន(អូដឹម) ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដើម្បីរ៉ៃអង្គាសប្រាក់ប្រមាណជាង ៣ម៉ឺនដុល្លារយកទៅធ្វើសាលារៀនមួយខ្នងមាន៤បន្ទប់ បន្ទប់ទឹក២ និងស្ពានឆ្លងអូរប្រវែង៣០ម៉ែត្រ គឺសាលាបឋមសិក្សាឧបសម្ព័ន្ធអូរកី នៅភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុងដែលជាតំបន់ដាច់ស្រយាល។ សិល្បករដែលនឹងមានវត្តមានក្នុងកម្មវិធីប្រគុំតន្ត្រីនេះសុទ្ធតែជាសិល្បករសិល្បការិនីល្បីឈ្មោះនៅកម្ពុជាមានដូចជាកញ្ញា មាស សុខសោភា លោក ខាត់ ជេម លោក នេនទុំ លោកអ៊ីណូ កញ្ញា ហង្ស សុជាតា លោក ហេង ពិទូ កញ្ញា យូរី កញ្ញា អ៊ុន អាលីហ្សា លោកនៅ ស៊ីនឿន ក្រុមតារាកំប្លែងទូរទស្សន៍CTN និងសិល្បករជាច្រើនរូបទៀត៕
ដោយ៖ វឌ្ឍនា