ខេត្តពោធិ៍សាត់៖ មនុស្ស២នាក់បានរងរបួសយ៉ាងធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ ខណៈរថយន្តម៉ាក Corola ១គ្រឿងបើកចេញពីកន្លែងចាក់សាំង ហើយបានជ្រុលទៅបុកម៉ូតូជនរងគ្រោះដែលកំពុងជិះម៉ូតូឌុបគ្នា២នាក់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៨១-១៨២ ទល់មុខស្ថានីយ៍ប្រេងឥន្ទនៈ សូគីមុិច ស្ថិតក្នុងភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីសមត្តកិច្ចឲ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះ ស៊ុន សុម៉ៃយ៉ា ភេទប្រុស អាយុ២១ឆ្នាំ របួសបាក់ជើងខាងស្តាំ និងទី២-អ្នករួមដំណើរឈ្មោះ ថន ពន្លក ភេទប្រុស អាយុ១០ឆ្នាំ របួសជើងខាងស្តាំ។ ជនរងគ្រោះរបួសបាក់ជើងទាំងពីរនាក់បច្ចុប្បន្នរស់នៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់។
ប្រភពពីសមត្តកិច្ចបន្តថា បើតាមសាក្សីបានឃើញហេតុការណ៍នោះបានលើកឡើងថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះទាំងពីរនាក់ ជិះម៉ូតូរួមគ្នា១គ្រឿងម៉ាក Honda Dream c125 ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1E-5806 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ត១គ្រឿង ម៉ាក Colola ពណ៌ស្លែ ពាក់ស្លាកលេខ 7378 (មិនចាំក្បាលលេខ) បើកចេញពីកន្លែងចាក់សាំង ស្ថានីយ៍ប្រេងឥន្ទនៈសូគីម៉ិច បានបុកពេញទំហឹងតែម្តងបណ្ដាលឲ្យរងរបួសរដូករណេលយ៉ាងធ្ងន់តែម្ដង។
ប្រភពដដែលបន្តទៀតថា ភ្លាមនោះរថយន្តបង្កបានបើករត់គេចខ្លួនទៅទិសខាងលិចបាត់ស្រមោល រីឯជនរងគ្រោះទាំងពីរនាក់ត្រូវបានសមត្តកិច្ចនគរបាលបញ្ជូនតាមរយៈរថយន្តសង្រ្គោះរបស់ស្នងការទៅព្យាបាលបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកម៉ូតូជនរងគ្រោះត្រូវបានកម្លាំងសមត្តកិច្ននគរបាលជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធីជាក្រោយ៕
ដោយ៖ ប៉ឹម ពិន