ខេត្តបាត់ដំបង៖ ក្រោយពីមានករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សាមួយកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់សាវតារម្នាក់បានចូលទៅក្នុងបន្ទប់(ស្លមាស) ប្រដាប់ដោយកូនកាំបិត០១ដើមធ្វើសកម្មភាពវាយនិងចាក់ទៅលើជនរងគ្រោះជាជាងមាសម្នាក់កាលពីវេលាម៉ោង១២និង៤០នាទី ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ម្សិលមិញ រហូតមកដល់ថ្ងៃនេះជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងស្រាវជ្រាវ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង ១២និង៤០នាទី ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចក្រុមទី១០ ភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង មានករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សាមួយកើតឡើង បង្កដោយជនសង្ស័យមិនស្គាល់សាវតារម្នាក់បានចូលទៅក្នុងបន្ទប់ (ស្លមាស)ប្រដាប់ដោយកូនកាំបិតចំនួន០១ដើមធ្វើសកម្មភាពវាយនិងចាក់ទៅលើជនរងគ្រោះឈ្មោះ អ៊ុំ សុខចំរើន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ជាងមាស មានទីលំនៅចំណុចកើតហេតុខាងលើ បណ្តាលឲ្យរងរបួសត្រង់ឆ្អឹងជំនីរផុតផ្នែកខាងឆ្វេង បន្ទាប់មកជនសង្ស័យបានលួចយកមាសសន្លឹកចំនួន ៥៥ តម្លឹង រួចគេចខ្លួនទៅបាត់ដោយសុវត្ថិភាព។
តាមការបញ្ជាក់ពីលោក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងតាមបណ្តាញទំនាក់ទំនងតេឡេក្រាមនារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា យើងកំពុងធ្វើការស្រាវជ្រាវ ៕










