ខេត្តស្វាយរៀង: ជនសង្ស័យម្នាក់និងអ្នកទទួលផលចោរកម្មម្នាក់ទៀតត្រូវសមត្ថកិច្ចនគរបាលបញ្ជូនមកតុលាការខេត្តស្វាយរៀងករណីលួចខ្សែភ្លើងរោងចក្រនៅក្រុងបាវិត។
សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានអោយដឹងនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ថា ជនសង្ស័យឈ្មោះ ទិត្យ វ៉ន សំខាន់ ហៅក្រៅ ហាន់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិព្រៃទប់ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ជាប់ចោទពីបទលួចខ្សែភ្លើង។
ចំណែកអ្នកទទួលផលចោរកម្មមានឈ្មោះអៀង ស៊ីមន ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់អេតចាយ រស់នៅភូមិព្រៃទប់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ។
ប្រភពដដែលបញ្ជាក់ថា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១០:៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គញ់បានទទួលបណ្តឹងផ្ទាល់មាត់ពីឈ្មោះCHEN YUQIAN ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិចិន ជានាយកក្រុមហ៊ុនរោងចក្ររីមណេត បច្ចុប្បន្នស្នាក់នៅក្នុងតំបន់រោងចក្រនៃតំបន់សេដ្ឋកិច្ចពិសេសនាគរាជ ស្ថិតក្នុងភូមិព្រៃទប់ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ថាមានករណីចោរលួចខ្សែភ្លើង ។
ក្រោយពីទទួលបណ្ដឹងផ្ទាល់មាត់ហើយ សមត្ថកិច្ចនគរបាលបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវរហូតឃាត់បានជនសង្ស័យយកមកសាកសួរ។
ជនសង្ស័យបានឆ្លើយសាភាពថា ខ្លួននិងបក្ខពួកកន្លងមកបានចូលលួចកាត់ខ្សែភ្លើង(ស្ពាន់)ចំនួន៥លើកមកហើយ មានទម្ងន់សរុបប្រហែល១០០គីឡូ ក្រាម និងយកទៅលក់នៅកន្លែងទិញអេតចាយរបស់ឈ្មោះអៀង សុីមន នៅក្បែរនោះរហូតមក ហើយលួចចុងក្រោយក៏ត្រូវខាងក្រុមហ៊ុនចាប់បានតែម្ដង ។
ក្រោយមកសមត្ថកិច្ចប្រើវិធានការជំនាញក៏ឃាត់បានអ្នកទទួលផលចោរកម្មម្នាក់ទៀត។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ សមត្ថកិច្ចជំនាញបានកសាងសណុំរឿងបញ្ជួនទៅការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធី៕












