ភ្នំពេញ៖ យោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឲ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ ២០២៥ កម្ពុជាមានរោងចក្រធុនធំកំពុងដំណើរការចំនួន ៣,០៨៣ រោងចក្រ កើនឡើង ៦៥៨ មូលដ្ឋាន ក្នុងទុនវិនិយោគសរុបមានចំនួន ២៥,១៦ ពាន់លានដុល្លារ កើនឡើង ៤,៧១ ពាន់លានដុល្លារ ស្មើនឹង ២៣% ក្នុងនោះទុនវិនិយោគក្នុងស្រុកមានចំនួន ៣,៩០ ពាន់លានដុល្លារ ស្មើនឹង ១៥% នៃទុនវិនិយោគសរុប។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា វិស័យឧស្សាហកម្មកម្ពុជាបាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ខណៈរូបលោកបានណែនាំឱ្យរោងចក្រ សហគ្រាសអនុវត្តគោលការណ៍ណែនាំប្លង់បច្ចេកទេស និងគ្រប់គ្រងហានិភ័យ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម។
លោករដ្ឋមន្ត្រីបានលើកឡើងថា “គោលការណ៍ណែនាំទាំងនេះត្រូវបានរៀបចំឡើងដើម្បីត្រួសត្រាយអនាគតនៃការអភិវឌ្ឍឧស្សាហកម្មកម្ពុជា ដោយតម្រង់ទិសឱ្យរោងចក្រ សហគ្រាស និងសិប្បកម្ម រៀបចំប្លង់បច្ចេកទេស ការពារសុវត្ថិភាព និងគ្រប់គ្រងហានិភ័យ ដូចជាការបង្ការអគ្គិភ័យ ការកាត់បន្ថយការបំពុល និងការគ្រប់គ្រងសំណល់ឧស្សាហកម្ម តាមនិយាមរបស់ជាតិ និងឧត្តមានុវត្តន៍ជាអន្តរជាតិ។”
លោករដ្ឋមន្ត្រីបន្ថែមថា៖ “ប្លង់បច្ចេកទេសរោងចក្រដែលបានគិតគូរ និងរៀបចំគ្រប់ជ្រុងជ្រោយ គឺជាខែលការពារដំបូងបំផុត ដែលមិនត្រឹមតែជួយបង្កើនប្រសិទ្ធភាពប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែសំខាន់បំផុតនោះ គឺជួយការពារអាយុជីវិតបងប្អូនកម្មករ-យោជិតរបស់យើង។”
ថ្មីៗនេះក្រសួងឧស្សាហកម្មក៏ទើបចេញប្រកាសថ្មីមួយស្តីពីប្រព័ន្ធគ្រប់គ្រងការបំពុល ដើម្បីពង្រឹងការគ្រប់គ្រងសំណល់ឧស្សាហកម្ម និងការពារបរិស្ថាន នៅក្នុងរោងចក្រ សហគ្រាស និងសិប្បកម្ម៕











