វិបត្តិសំបុត្រ World Cup កាន់តែធ្ងន់ធ្ងរ ខណៈ FIFA ចាប់ផ្តើមលក់សំបុត្រចំណតឡានតម្លៃរហូតដល់ ៣០០ ដុល្លារហើយអ្នកនៅតែត្រូវដើរជាងមួយគីឡូម៉ែត្រទៅកីឡដ្ឋានទៀត!
ខណៈដែលអ្នកគាំទ្រនៅសហរដ្ឋអាមេរិក និងទូទាំងពិភពលោក បន្តបង្ហាញការខឹងសម្បារចំពោះតម្លៃសំបុត្រខ្ពស់ហួសហេតុ ដែល FIFA កំពុងគិតសម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ ព័ត៌មានលម្អិតថ្មីៗអំពីសេវាកម្មផ្សេងៗ ក៏កំពុងធ្វើឲ្យភាពមិនពេញចិត្តនោះកាន់តែរីករាលដាល។
សំបុត្រប្រកួតត្រូវបានលក់ក្នុងតម្លៃខ្ពស់មិនធ្លាប់មានពីមុន ដោយសំបុត្រថោកបំផុតនៅលើដីអាមេរិក សម្រាប់ការប្រកួតវគ្គចែកពូលខ្លះ មានតម្លៃរាប់រយដុល្លារ។
ប៉ុន្តែនៅក្នុងប្រទេសដែលមានប្រព័ន្ធដឹកជញ្ជូនសាធារណៈមិនសូវគ្រប់គ្រាន់ សំបុត្រចំណតឡានក៏ត្រូវបានលក់ក្នុងតម្លៃថ្លៃខ្លាំងផងដែរ — នៅកន្លែងខ្លះ ថ្លៃជាងសំបុត្រប្រកួតផ្ទាល់ទៅទៀត។
សារព័ត៌មាន The Athleticបានផ្សាយថា FIFA កំពុងលក់សំបុត្រចំណតឡានសម្រាប់ការប្រកួតនៅកីឡដ្ឋាន SoFi Stadium ក្នុងទីក្រុង Los Angeles ក្នុងតម្លៃពី ២៥០ ដុល្លារ ដល់ ៣០០ ដុល្លារ សម្រាប់មួយថ្ងៃប្រកួត និងមួយកន្លែងចតឡាន។
អ្វីដែលធ្វើឲ្យអ្នកគាំទ្រខឹងសម្បារបន្ថែម គឺកន្លែងចតឡានទាំងនេះ ស្ថិតនៅឆ្ងាយជិតពីរគីឡូម៉ែត្រពីកីឡដ្ឋាន។
កីឡាដ្ឋាន SoFi គ្រោងនឹងធ្វើជាម្ចាស់ផ្ទះការប្រកួត World Cup ចំនួន ៨ ប្រកួត។ ទាំងការប្រកួតបើកឆាករបស់ក្រុមជម្រើសជាតិសហរដ្ឋអាមេរិក និងការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ ត្រូវគិតថ្លៃចំណតឡានដល់ ៣០០ ដុល្លារ សម្រាប់កន្លែងតែមួយ។
កន្លែងចតឡានតម្លៃ ៣០០ ដុល្លារ សម្រាប់ការប្រកួតបើកឆាករបស់សហរដ្ឋអាមេរិក ស្ថិតនៅជិត Intuit Dome ក្នុងអគារចំណតឡានមួយ ដែលត្រូវដើរប្រហែល ២១ នាទី ដើម្បីទៅដល់កីឡដ្ឋាន។
សម្រាប់ការប្រកួតរដូវកាលធម្មតា អគារចំណតឡានរបស់ Clippers គិតថ្លៃត្រឹមតែ ៥៦,៥០ ដុល្លារ ប៉ុណ្ណោះ។ សម្រាប់ការប្រកួត NBA All-Star Game ដែលនឹងប្រារព្ធនៅទីតាំងដូចគ្នានេះ ក៏មានថ្លៃចំណតឡានត្រឹម ៨៨ ដុល្លារ ប៉ុណ្ណោះ។
នៅកីឡដ្ឋាន SoFi ដោយផ្ទាល់ ក្រុម Los Angeles Rams គិតថ្លៃចំណតឡានត្រឹមតែ ៧១ ដុល្លារ ក្នុងមួយប្រកួត សម្រាប់កន្លែងចតឡានដែលស្ថិតនៅជិតកីឡដ្ឋាន។
កីឡដ្ឋានមួយចំនួន ដូចជា Gillette Stadium ក្រៅទីក្រុង Boston និង Hard Rock Stadium ក្នុងទីក្រុង Miami សំបុត្រចំណតឡានបាន “លក់អស់” រួចហើយ។ ខណៈទីតាំងផ្សេងទៀតនៅ Houston តំបន់ឆេនស៊ីស្កូ ប៉េស អេរ៉ា (San Francisco Bay Area), Seattle និង New York/New Jersey នៅមិនទាន់ចាប់ផ្តើមលក់សំបុត្រចំណតឡាននៅឡើយទេ។
ក្រៅពីនេះ សំបុត្រចំណតឡានក៏កំពុងត្រូវបានលក់នៅលើ “ទីផ្សារទីពីរ” (secondary market) ផងដែរ ដែលអ្នកគាំទ្រខ្លះ បានយកកន្លែងចតឡានទៅលក់ឲ្យអ្នកដាក់តម្លៃខ្ពស់បំផុត៕










