ខេត្តតាកែវ÷ មន្ត្រីនគរបាលក្រុងដូនកែវបានឲ្យដឹងនៅព្រឹកថ្ងៃទី០៤ខែកុម្ភៈ ឆ្នាំ ២០២៦នេះថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ លោកវរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការនគរបាលក្រុងដូនកែវ បានធ្វើផែនការចាត់ឲ្យកម្លាំងជិះល្បាតចល័តដេីម្បីពួនស្ទាក់ ទើបដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង០៤និង៤៥នាទីទៀបភ្លឺ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាក្រៅ និងកម្លាំងជំនាញបានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជន សង្ស័យ២នាក់÷ទី១÷ឈ្មោះ ជន សំណាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិសូភី ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ និងទី២÷ឈ្មោះ ង៉ែត ចិត្រា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករបោចមាន់ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងធំ ឃុំរនាម ស្រុកទាំង ខេត្តតាកែវ ដកហូតវត្ថុតាងម៉ូតូ០១ គ្រឿង ស៊ូស៊ូគីនិច ព័ណ៌សលាយខៀវ សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HR-6469 និងកាំបិតកាង៉ុកដងដែកព័ណ៌ខ្មៅចំនួន០១ដើម ដែលជាមធ្យោបាយនិងជាអាវុធទុកសម្រាប់ធ្វើសកម្មភាព។
ប្រភពខាងលើបន្តថា កាំបិត១ដើមត្រូវបានពួកគេគប់ចោលពេលសមត្ថកិច្ចធ្វើការដេញបង្ក្រាប ហើយក៏ត្រូវបានសមត្ថកិច្ចតាមរកឃើញយកមកអធិការដ្ឋាននគរបាលក្រុងដូនកែវ ដើម្បីធ្វើការសាកសួរ។
ក្រោយធ្វើការសាកសួរជនសង្ស័យទាំង០២នាក់ បានសារភាពថារូបគេពិតជាបានជិះម៉ូតូនិងកាន់កាំបិតកាង៉ុកដាក់ក្រោមគូទជិះម៉ូតូតាមផ្លូវស្ពានអូរតុំ ដែលស្ថិតនៅក្នុងភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ដើម្បីចាំស្ទាក់និងប៉ុនប៉ងចាំគំរាមកាប់ប្លន់យកលុយពីប្រជាពលរដ្ឋដែលធ្វើដំណើរដោយម៉ូតូឆ្លងកាត់ទីនោះ ក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពួកគេទាំង០២នាក់ រួមទាំងវត្ថុតាងម៉ូតូ និងកាំបិតកាង៉ុកយកមកអធិការដ្ឋាននគរបាលក្រុងដូនកែវ។
ជនសង្ស័យឈ្មោះ ជន សំណាង សារភាពថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ០៤និង៤០ នាទី រូបគេនិងឈ្មោះ ខ្ចឹប ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិសូភី ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ បានធ្វើសកម្មភាពដោយជិះម៉ូតូម៉ាកស៊ូស៊ូគីនិច និងកាន់កាំបិតកាង៉ុកខាងលើ ជិះមកកាក់ពីមុខម៉ូតូជនរងគ្រោះឈ្មោះ ស៊ឹម ចាន់ធូ ឲ្យឈប់និងគំរាមកាប់ រួចទាញផ្ដាច់ខ្សែកាបូបលុយពីជនរងគ្រោះនាំគ្នាជិះម៉ូតូគេចខ្លួនបានលុយចំនួន៨០ម៉ឺនរៀល ចែកគ្នាចាយអស់។
រហូតដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១២និង ៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងដូនកែវ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកទ្រាំងស្រាវជ្រាវរហូត ឈានដល់ការឃាត់ ខ្លួនជនសង្ស័យម្នាក់ទៀតមានឈ្មោះ វង់ មករា (ហៅខ្ចឹប) ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិសូភី ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ យកមកអធិការដ្ឋាននគរបាលក្រុងដូនកែវ ដើម្បីធ្វើការសាកសួរ។
អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងដោយមានការសម្របសម្រួលនីតិវីធីពី ឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការនគរបាលក្រុងដូនកែវ បានបញ្ជាឲ្យកម្លាំង ជំនាញនៃអធិការដ្ឋាននគរបាលក្រុងដូនកែវ កសាងសំណុំរឿងករណីខាងលើទៅតាមនីតិវិធី៕










