សារព័ត៌មាន Reuters បានផ្សាយថា កាលពីថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានជជែកតាមទូរស័ព្ទ ជាមួយព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman និងបានឯកភាពធ្វើឱ្យទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងមនុស្សធម៌ កាន់តែស៉ីជម្រៅ។
តាមសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង លោក ពូទីន និងព្រះអង្គម្ចាស់ bin Salman ក៏បានពិភាក្សាអំពីវឌ្ឍនភាពនៃការងាររួមគ្នា នៅក្នុងទម្រង់ OPEC+ និងការខិតខំប្រឹងប្រែង ដើម្បីរក្សាស្ថិរភាពទីផ្សារថាមពលពិភពលោកផងដែរ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ SPA របស់អារ៉ាប៊ីសាអូឌីត បានរាយការណ៍ថា ព្រះអង្គម្ចាស់ bin Salman និងលោក ពូទីន ពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងក្នុងតំបន់ ដូចជាស្ថានការណ៍វិវត្តន៍អន្តរជាតិ៕









