ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកឯយុវជន២នាក់ទៀតរងរបួសស្រាល ក្រោយពេលបុរសរងគ្រោះបើកម៉ូតូបត់អែបឆ្លងផ្លូវក៏ត្រូវម៉ូតូមួយគ្រឿងទៀតជិះដោយយុវជនពីរនាក់ឌុបគ្នាធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងលឿនមកបុកចំពីមុខយ៉ាងពេញទំហឹងកាលពីវេលាម៉ោង៨:៣០នាទីយប់ ថ្ងៃទី០៤ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវបេតុងក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពមានឈ្មោះ ប៊ុន យូរ៉ា ភេទប្រុសអាយុជាង៤០ឆ្នាំ រសនៅក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាក PCX ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1LY-1480 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូង លុះពេលជិះមកដល់ចំណុចកើតហេតុខាងលើក៏បានបត់ឆ្វេងអែបឆ្លងផ្លូវទាំងបញ្ច្រាសទិស ហើយភ្លាមៗនោះស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KE-6030 ជិះដោយយុវជនពីរនាក់ឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅបញ្ច្រាសគ្នាពីត្បូងទៅជើងដោយល្បឿនលឿនជាន់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកចំពីមុខម៉ូតូPCX យ៉ាងពេញទំហឹងបណ្ដាលឲ្យប៉ើងទៅចិញ្ចឹមផ្លូវធ្វើឲ្យបុរសអ្នកបើកម៉ូតូបោកក្បាលនឹងគម្របលូស្លាប់ភ្លាមៗ ចំណែកឯភាគីម៉ូតូឌ្រីមវិញបានរងរបួសធ្ងន់ស្រាលទាំង២នាក់ត្រូវបានមិត្តភក្កិដឹកតាមម៉ូតូយកទោមន្ទីរពេទ្យឯកជនមួយកន្លែង។
បន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកជាបណ្តោះអាសន្ន។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ










