ភ្នំពេញ៖ ក្នុងស្មារតីសាមគ្គីភាព និងការចេះជួយគ្នាខ្ពស់បំផុតមន្ត្រីកសិកម្មខេត្តបន្ទាយមានជ័យ និងបងប្អូនប្រជាពលរដ្ឋភៀសសឹក បានរួមដៃគ្នាយ៉ាងសស្រាក់សស្រាំ បង្កើតសកម្មភាពដាំដុះបន្លែចម្រុះ នៅក្នុងមណ្ឌលសុវត្ថិភាពវត្តកណ្តោល (ស្រុកថ្មពួក) និងវត្តចាន់ស៊ី (ស្រុកអូរជ្រៅ) ដើម្បីដោះស្រាយបញ្ហាស្បៀងអាហារ និងលើកកម្ពស់សុខុមាលភាពក្នុងគ្រាអាសន្ន។
សកម្មភាពដាំដុះនេះ បានបង្ហាញពីភាពរឹងមាំនៃស្មារតីម្ចាស់ការរបស់បងប្អូនជនភៀសសឹក។ ទោះបីជាត្រូវចាកចេញពីផ្ទះសម្បែងជាបណ្តោះអាសន្ន ប៉ុន្តែពួកគេមិនត្រឹមតែអង្គុយរង់ចាំជំនួយពីខាងក្រៅនោះទេ ផ្ទុយទៅ វិញបានប្រើប្រាស់កម្លាំងសរុប ដើម្បីបង្កបង្កើនផល។ យុទ្ធសាស្ត្រនេះមិនត្រឹមតែជួយផ្គត់ផ្គង់អាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា ឱសថចិត្តសាស្ត្រ ដ៏សំខាន់ ជួយឱ្យបងប្អូនមានភាពកក់ក្តៅ កាត់ បន្ថយភាពតានតឹង និងបង្កើនភាពស្និទ្ធ ស្នាលក្នុងសហគមន៍ភៀសសឹក។
លោក អ៊ឹម សុផារ៉ាត់ មន្ត្រីកសិកម្មប្រចាំការនៅមណ្ឌលភៀសសឹកវត្តកណ្តោល បានឱ្យដឹងនៅថ្ងៃទី០៥ ខែកុម្ភៈ ២០២៥នេះថា៖ សកម្មភាពដាំដុះនេះធ្វើឡើងក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១នៃកម្ពុជា។
លោកស្រីតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋតាមមណ្ឌលសុវត្ថិភាព ដោយចង់ឃើញបងប្អូនមានបន្លែបៃតងស្រស់ៗសម្រាប់បរិភោគ ដែលមានសុវត្ថិភាព និងជួយសម្រាលបន្ទុកចំណាយប្រចាំថ្ងៃ។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ក៏បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ និងដាក់ចេញនូវវិធានការបច្ចេកទេស រៀបចំឱ្យមាន ការដាំដំណាំចម្រុះ ដើម្បីធានាថាជីវភាពប្រចាំថ្ងៃរបស់បងប្អូនមានភាពល្អ ប្រសើរ ទោះក្នុងកាលៈទេសៈលំបាកក៏ដោយ។
យុទ្ធនាការដាំបន្លែនៅមណ្ឌលសុវត្ថិភាពទាំង២ ទីតាំងនេះ បានផ្តល់នូវផលចំណេញសំខាន់ៗចំនួន ៤សន្តិសុខស្បៀង ធានាការផ្គត់ផ្គង់បន្លែនៅនឹងកន្លែង ទាន់ពេលវេលា និងគ្រប់គ្រាន់។សុខភាព ទទួលបានបន្លែធម្មជាតិគ្មានជាតិគីមី ជួយឱ្យរាងកាយមាំមួន ប្រឆាំងនឹងជំងឺតម្កាត់ផ្សេងៗ។ សេដ្ឋកិច្ច កាត់ បន្ថយការចំណាយថវិកាទិញបន្លែពីទីផ្សារ ដែលជួយសន្សំសំចៃសម្រាប់គ្រួសារក្នុងគ្រាអាសន្ន។ចំណេះដឹង ជាការចែករំលែកបច្ចេកទេសដាំដុះងាយៗ ដែលបងប្អូនអាចយកទៅអនុវត្តបន្តនៅផ្ទះសម្បែងវិញ ក្រោយពេលត្រឡប់ទៅវិញ។
បច្ចុប្បន្ន សួនបន្លែនៅក្នុងមណ្ឌលភៀសសឹកវត្តកណ្តោល និងវត្តចាន់ស៊ី កំពុងក្លាយជាគំរូដ៏ល្អនៃការរួមរស់តាមបែបគន្លងថ្មីក្នុងមណ្ឌលសុវត្ថិភាព ដែលបង្ហាញពីកម្ពុជាជាប្រទេសតូច ប៉ុន្តែមានបេះដូងសប្បុរស និងស្មារតីសាមគ្គីភាពរឹងមាំមិនអាចបំបែកបាន៕













