ក្រុមហ៊ុន Alphabet បាននិយាយកាលពីថ្ងៃពុធថា ការចំណាយវិនិយោគធនធាន នៅឆ្នាំ 2026 អាចកើនឡើងដល់ជិតទ្វេដង ដែលបង្ហាញពីការបង្កើនការចំណាយយ៉ាងខ្លាំងម្តងទៀត ខណៈក្រុមហ៊ុនមេរបស់ Google កំពុងបន្ថែមការវិនិយោគដើម្បីកាត់បន្ថយឧបសគ្គលើសមត្ថភាពគណនា និងជំរុញការប្រកួតប្រជែងក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI)។
Alphabet និងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស( Big Tech) ផ្សេងៗ ត្រូវបានរំពឹងថានឹងចំណាយសរុបលើស 500 ពាន់លានដុល្លារ សម្រាប់ AI នៅឆ្នាំនេះ។
Meta បានបង្កើនការវិនិយោគសម្រាប់ការអភិវឌ្ឍ AI ដល់ទៅ 73% ខណៈ Microsoft ក៏បានរាយការណ៍ពីការចំណាយវិនិយោគប្រចាំត្រីមាសខ្ពស់បំផុតផងដែរ។
ការពង្រីកការចំណាយយ៉ាងខ្លាំងនេះកើតឡើងក្នុងពេលដែលវិនិយោគិនកំពុងព្រួយបារម្ភអំពីផលចំណេញពីការវិនិយោគលើ AI។ ទោះយ៉ាងណា Google បានបង្ហាញការរីកចម្រើនខ្លាំងក្នុងវិស័យនេះ ហើយតម្លៃភាគហ៊ុនរបស់ខ្លួនបានកើនឡើង 76% ចាប់តាំងពីដើមឆ្នាំ 2025។
នាយកប្រតិបត្តិ Sundar Pichai បានប្រាប់អ្នកវិភាគថា៖ «ការវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធ AI របស់យើងកំពុងជំរុញប្រាក់ចំណូល និងកំណើននៅគ្រប់ផ្នែក»។ ការវិនិយោគលើសមត្ថភាពគណនាសម្រាប់ AI ដូចជា ម៉ាស៊ីនបម្រើ មជ្ឈមណ្ឌលទិន្នន័យ និងឧបករណ៍បណ្ដាញ គឺសំខាន់ក្នុងគោលដៅចំណាយវិនិយោគប្រហែល 175 ដល់ 185 ពាន់លានដុល្លារ នៅឆ្នាំនេះ កើនឡើងពី 91.45 ពាន់លានដុល្លារ នៅឆ្នាំ 2025 ហើយលើសពីការរំពឹងទុករបស់អ្នកវិភាគដែលគិតថា ប្រហែល 115.26 ពាន់លានដុល្លារ។
អាជីវកម្ម Cloud របស់ក្រុមហ៊ុន បានបង្ហាញកំណើនខ្លាំងក្នុងត្រីមាសទី 4 ដោយកើនឡើង 48% ទៅដល់ 17.7 ពាន់លានដុល្លារ លើសការរំពឹងរបស់អ្នកវិភាគ ហើយជាអត្រាកំណើនលឿនបំផុតក្នុងរយៈពេលជាង 4 ឆ្នាំ។
លោក Pichai បាននិយាយថា ក្រុមហ៊ុននៅតែប្រឈមនឹងកង្វះសមត្ថភាពផ្គត់ផ្គង់ ទោះបីបានបង្កើនសមត្ថភាពជាបន្តបន្ទាប់ក៏ដោយ ហើយការចំណាយវិនិយោគនៅឆ្នាំនេះមានគោលបំណងសម្រាប់អនាគត។
ការចេញផ្សាយម៉ូឌែល AI “Gemini 3” របស់ Google កាលពីខែវិច្ឆិកា បានបម្លែងទស្សនៈថា Google តាមក្រោយក្នុងការប្រកួត AI ហើយការឆ្លើយតបល្អពីទីផ្សារ បានជំរុញការប្រកួតប្រជែង ដល់ថ្នាក់ OpenAI ចេញសញ្ញា “code red” ខាងក្នុង ដើម្បីបង្កើនល្បឿនអភិវឌ្ឍ។
ម៉ូឌែល Gemini សម្រាប់អាជីវកម្មបានលក់អាជ្ញាប័ណ្ណបង់ប្រាក់ចំនួន 8 លានកន្លែង នៅក្នុងក្រុមហ៊ុន 2,800 ហើយកាលពីខែមុន Google ក៏បានឈានដល់កិច្ចព្រមព្រៀង Cloud ដ៏ធំបំផុតមួយជាមួយ Apple ដើម្បីផ្គត់ផ្គង់សមត្ថភាព AI សម្រាប់ iPhone តាមរយៈម៉ូឌែល Gemini ៕










