អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម៖​ ទីបំផុត សហគមន៍​កសិកម្ម​ទំនើប​ដែលចំណាយទុនប្រមាណ ៥០ ម៉ឺន​ដុល្លារ ត្រូវបាន​បង្កើត​ឡើងជាផ្លូវ​ការនៅ​ស្រុករលាប្អៀរ ខេត្ត​កំពង់ឆ្នាំង

ចែករំលែក៖

ខេត្ត​កំពង់​ឆ្នាំង​៖​ លោក ឃឹម ហ្វីណង់ អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បាន​គូស​បញ្ជាក់​ថា ទីបំផុត សហគមន៍​កសិកម្ម​ទំនើប​នៅ​ក្នុង​តំបន់​សម្បទាន​ដី​សង្គមកិច្ច LASED III នៅឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ដែលមានកញ្ចប់ទុនប្រមាណ ៥០ ម៉ឺន​ដុល្លារ ត្រូវបាន​បង្កើត​ឡើងជាផ្លូវ​ការ។

លោក ឃឹម ហ្វីណង់ សហគមន៍​ដែល​ទើប​ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវការ​ នៅ​ខេត្ត​កំពង់​ឆ្នាំង​នេះ មាន​ឈ្មោះ​ជា​ផ្លូវ​ការ​ថា​ «សហគមន៍កសិកម្មទំនើបប្រស្នឹបពន្លឺថ្មី» ដោយ​មាន​សមាជិក​ចំនួន​ ៥០ គ្រួសារ ​ដែល​ជា​សហគមន៍​កសិកម្ម​ទំនើប​​កូន​ពៅ​ផ្តោត​ទៅ​លើ​ផលិតកម្ម​នៃ​ដាំ​ដុះ​បន្លែ​សុវត្ថិភាព​ក្នុងផ្ទះ​សំណាញ់​ចំនួន​ ១០០ ខ្នង។

​​ក្រសួងកសិកម្ម នឹង​ធ្វើ​ការ​គាំទ្រ​ទៅ​លើ​ទីផ្សារ បច្ចេកទេស ដើមទុន ​ជា​ដើម ដោយ​ក្នុង​នោះ​ទុនវិនិយោគ​សរុប​ប្រមាណ ៥០ ម៉ឺនដុល្លារ មាន ៤០% ជា​ជំនួយ​ឥត​សំណង​ទៅ​កាន់​សហគមន៍ និង ៦០% ទៀត​ជាកម្ចីឥណទានការប្រាក់ទាប ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា។

ក្រសួង​កសិកម្មសង្ឃឹម​ថា​នឹងមាន​វិនិយោគ​ជា​ទុន​កម្ចី​ប្រមាណ ៥០ ម៉ឺន​ដុល្លារ​ ដើម្បី​ជួយ​គាំ​ទ្រ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​សម្បទានដីសង្គមកិច្ច ហើយ​ការ​វិនិយោគ​នេះ​នឹង​ជួយ​ប្រែក្លាយ​ធ្វើ​ឱ្យ​កសិករ​ក្នុង​គ្រួសារ​ក្នុង​មួយ​ផ្ទះ​សំណាញ់​អាច​ទទួល​បាន​នូវ​ប្រាក់​ចំណេញ​ទុក ១០០​ដុល្លារ។

បន្ថែម​ពីនេះ​ លោកអ្នកនាំពាក្យរូបនេះ​ បានបញ្ជាក់ថា​៖ «ចំនួន​នេះ​ច្បាស់​ណាស់​ថា​មិន​អាច​គ្រប់គ្រាន់​ក្នុង​ការ​ផ្គត់ផ្គង់​បាន​នោះ​ទេ​ ប៉ុន្តែ​វា​ជា​ចំណុច​ចាប់​ផ្តើម​មួយ​ដែល​ល្អ​ប្រសើរ​ ហើយ​អ្វី​ដែល​យើង​រំពឹង​ទុក​ទៅ​ពេល​ខាង​មុខ​ទៀត​គឺ​នៅ​ពេល​ដែល​សហគមន៍​ឈរ​ជើង​រឹងមាំ​នៅ​ទីនេះ​ហើយ​ យើង​នឹង​អាច​បង្កើត​សកម្មភាព​ផ្សេង​ៗ​ទៀត​ដើម្បី​ទ្រទ្រង់​ទៅ​ដល់​ជីវភាព​របស់​ពួក​គាត់»៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print