ភ្នំពេញ៖ តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា លោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yousaf Raza Gillani) ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភានៃ អន្តរសភា (Inter-Parliamentary Speakers Conference -ISC) និងគណៈប្រតិភូ បានបញ្ចប់ ទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រកបដោយជោគជ័យ។
ក្នុងឱកាសបំពេញទស្សនកិច្ច លោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី បានចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះបរមរាជវាំង។
ក្នុងជំនួបទ្វេភាគីជាមួយ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះ ទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា-ប៉ាគីស្ថាន។ លោកប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ធ្លាប់បានបំពេញ ទស្សនកិច្ចជាច្រើនលើកនៅកម្ពុជាក្នុងតួនាទីផ្សេងៗ និងបានអបអរសាទរចំពោះវឌ្ឍនភាព និងការ រៀបចំការបន្តវេនថ្នាក់ដឹកនាំរបស់កម្ពុជាប្រកបដោយជោគជ័យ ដែលនេះបានបង្ហាញអំពីភាពឈ្លាសវៃ នៃការដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពស់របស់សម្តេចតេជោ តាំងពីសម្តេចតេជោ នៅបំពេញភារកិច្ចជា នាយករដ្ឋមន្ត្រី រហូតមកដល់ពេលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។
ថ្នាក់ដឹកនាំទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនាពេលកន្លងមក និងបានប្តេជ្ញាជំរុញ កិច្ចសហប្រតិបត្តិការទាំងនេះឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត រួមមាន ការផ្លាស់ប្តូរទស្សនកិច្ច ការគាំទ្រ គ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌពហុភាគី និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗ ដូចជា នយោបាយ ការពារជាតិ វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ សុខាភិបាល និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលទាំងនេះនឹងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនទាំងពីរ។ សម្តេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា និងឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ក៏បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋាននៃព្រឹទ្ធសភាទាំង ព័រសំដៅបន្តពង្រឹងកិច្ចសហប្រតិបត្តិការសភារវាងស្ថាប័នទាំងពីរឱ្យកាន់តែល្អប្រសើរឡើង។
តបតាមការអញ្ជើញ និងសំណើរបស់ លោកប្រធានព្រឹទ្ធសភាប៉ាគីស្ថាន សម្តេចតេជោ ប្រធាន ព្រឹទ្ធសភា នឹងបំពេញទស្សនកិច្ចនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន នាពេលវេលាសមស្រប និងបាន ឯកភាពទទួលធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) នៅក្នុងខែសីហា ឬខែកញ្ញា ឆ្នាំ២០២៦ នៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបពិភាក្សាជាមួយសម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ភាគីទាំងពីរ បានឯកភាពរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការទាំងក្របខ័ណ្ឌសភា និងរដ្ឋាភិបាល រួមមាន ការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការគាំទ្រគ្នាក្នុងកិច្ចការអន្តរសភា និងការរួមគ្នាលើកកម្ពស់ការគោរព ច្បាប់អន្តរជាតិ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតលើវិស័យសំខាន់ៗ ដែលជា ប្រយោជន៍រួម ជាពិសេសការធ្វើឱ្យទំនាក់ទំនងរវាងប្រជាជននិងប្រជាជនកាន់តែជិតស្និទ្ធ។ ជាមួយគ្នានេះ លោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី បានប្រកាសថាប៉ាគីស្ថាន គាំទ្រកម្ពុជាដើម្បីក្លាយជា សមាជិកអង្គការអ៊ីស្លាម (OIC) និងសង្ឃឹមថា កម្ពុជានឹងបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថានក្នុងពេល ឆាប់ៗនេះ។ សម្តេចប្រធានរដ្ឋសភា ក៏បានស្នើភាគីប៉ាគីស្ថានពិចារណា ផ្សារភ្ជាប់ជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរ។
ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន បានធ្វើការកត់សម្គាល់អំពីចំណុចខ្លាំង និងសក្តានុពលរបស់ ប្រទេសទាំងពីរ ក្នុងវិស័យកសិកម្ម និងកម្លាំងពលកម្មវ័យក្មេងដ៏សកម្ម។ ភាគីទាំងពីរបានឯកភាពជំរុញ កិច្ចសហការឱ្យជិតស្និទ្ធទាំងក្នុងវិស័យរដ្ឋ និងឯកជននៃប្រទេសទាំងពីរ ពង្រឹងនិងពង្រីកកិច្ច សហប្រតិបត្តិការទ្វេភាគីដែលពោរពេញដោយសក្តានុពលរួមមាន នយោបាយ និងការទូត សន្តិសុខ និងការពារជាតិ ពាណិជ្ជកម្ម និងការវិនិយោគ កសិកម្ម បច្ចេកវិទ្យា ធនធានរ៉ែ កម្មន្តសាល អប់រំ និង បណ្តុះបណ្តាលវិជ្ជាជីវៈ វប្បធម៌ ទេសចរណ៍ សុខាភិបាល និងការតភ្ជាប់ជាដើម។
ជារួម ដំណើរទស្សនកិច្ចរបស់ លោកប្រធានព្រឹទ្ធសភាប៉ាគីស្ថាន នៅកម្ពុជា ជាជំហានថ្មីមួយ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសភារវាងប្រទេសទាំងពីរ និងរួមចំណែកធ្វើឱ្យស៊ីជម្រៅនូវ ចំណងមិត្តភាព និងទំនាក់ទំនងទ្វេភាគី ដែលការណ៍នេះ រួមចំណែកដល់សន្តិភាព ស្ថិរភាព និង វិបុលភាពក្នុងតំបន់ និងពិភពលោក៕
ដោយ៖តារា










