កីឡាករសញ្ជាតិអង់គ្លេសAlex Oxlade-Chamberlain បានរកឃើញទ្រនំថ្មីបន្ទាប់ចាកចេញពីប្រទេសទួរគីដោយនិយាយថា Celtic គឺជា “ជម្រើសដ៏ល្អឥតខ្ចោះ” សម្រាប់ខ្លួន បន្ទាប់ពីបានចូលរួមជាមួយក្លឹបជើងឯកស្កុតឡេន ដោយកិច្ចសន្យារហូតដល់រដូវក្តៅខាងមុខ។
អតីតខ្សែកណ្តាល Arsenal និង Liverpool រូបនេះ បានក្លាយជាកីឡាករឥតមានតម្លៃខ្លួនផ្ទេរ បន្ទាប់ពីចាកចេញពីក្លឹបទួរគី Besiktas កាលពីខែសីហា ហើយមិនបានចូលលេងតាំងពីខែឧសភាមក។
ទោះយ៉ាងណា កីឡាករវ័យ 32 ឆ្នាំរូបនេះ បានយល់ច្បាស់ពីការរំពឹងទុកលើខ្លួន ខណៈដែលគាត់កំពុងរង់ចាំធ្វើការក្រោមការដឹកនាំរបស់គ្រូបង្វឹក Martin O’Neill។
Alex បាននិយាយថា៖
«បន្ទាប់ពីបាននិយាយជាមួយគ្រូបង្វឹក ខ្ញុំមានអារម្មណ៍ថា នេះជាកន្លែងសមស្របបំផុតសម្រាប់ខ្ញុំ ហើយខ្ញុំជឿថា ខ្ញុំអាចចូលមកជួយក្រុមបាន។គាត់បានប្រាប់ខ្ញុំអំពីការរំពឹងទុករបស់ក្លឹប អត្ថន័យនៃការលេងនៅទីនេះ គោលដៅរបស់យើង និងថាគាត់នឹងជំរុញឲ្យខ្ញុំអភិវឌ្ឍខ្លួន។ នេះជាបរិយាកាសដែលខ្ញុំស្គាល់ និងធ្លាប់រស់នៅ ហើយវាជាអ្វីដែលខ្ញុំត្រូវការពិតៗ។»
អតីតកីឡាកររបស់កាំភ្លើងធំ ដែលរកបាន 7 គ្រាប់ក្នុងការចូលលេង 35 ប្រកួតជាមួយក្រុមជម្រើសជាតិអង់គ្លេស ថ្មីៗនេះបានហ្វឹកហាត់ជាមួយ Arsenal ដែលគាត់ឈ្នះពាន FA Cup ចំនួន 3 លើក ក្នុងរយៈពេល 6 ឆ្នាំ។
ចំណែកគ្រូបង្វឹក O’Neill បានអះអាង៖
«គាត់នៅតែមានអ្វីជាច្រើនអាចផ្តល់ឲ្យក្នុងការលេងបាល់ទាត់ ហើយខ្ញុំជឿថា គាត់អាចបន្ថែមវិមាត្រថ្មីមួយដល់ក្រុមយើង ដោយសារសមត្ថភាព និងបទពិសោធន៍ដ៏សម្បូរបែបរបស់គាត់។ លើសពីនេះ គាត់មានចិត្តស្រឡាញ់ និងរំភើបចំពោះការផ្លាស់ទីនេះ ដូច្នេះយើងកំពុងស្វាគមន៍កីឡាករដ៏ល្អម្នាក់ ដែលមានបំណងជួយឲ្យក្រុមសម្រេចគោលដៅបានច្រើនតាមដែលអាចធ្វើបាន៕»










