រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំរុញឱ្យមានការហោះហើរត្រង់រវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត ព្រមទាំងរួមគ្នាផ្សព្វផ្សាយសក្តានុពលទេសចរណ៍ទៅវិញទៅមក ដើម្បីទាក់ទាញទេសចរពីអារ៉ាប៊ីសាអូឌីត ឱ្យមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើនឡើង

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងទេសចរណ៍​ នៅថ្ងៃទី​០៨​ ខែកុម្ភៈ​ ឆ្នាំ​២០២៦នេះ​ នៅទីស្តីការក្រសួង​ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា នៃសភាពាណិជ្ជកម្មរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

ជាក់ស្ដែង​តបតាមការអញ្ជើញរបស់ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាឱកាសដែលលោកបានចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism- 26th General Assembly) នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអ៊ូឌីត កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥, លោក WALEED NASSER ALSHEHRI ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា នៃសភាពាណិជ្ជកម្មរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា មកទស្សនកិច្ចនៅកម្ពុជា និងបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីសិក្សាស្វែងយល់អំពីកាលានុវត្តភាពវិនិយោគ សក្តានុពលទេសចរណ៍ ពាណិជ្ជកម្ម និងការធ្វើធុរកិច្ចនៅកម្ពុជា។

ក្នុងឱកាសនៃជំនួបប្រកបដោយលទ្ធផលផ្លែផ្កានេះ លោករដ្ឋមន្រ្តី រីករាយស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះគណៈប្រតិភូ ដែលអញ្ជើញមកកម្ពុជា តបតាមការអញ្ជើញរបស់លោករដ្ឋមន្រ្តី។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានជម្រាបជូនគណៈប្រតិភូអំពីកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ សុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ គោលនយោបាយអនុគ្រោះ និងលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញវិនិយោគិនបរទេស ក៏ដូចជាសក្តានុពលទេសចរណ៍វប្បធម៌ និងធម្មជាតិរបស់កម្ពុជា ដែលប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍មានសុវត្ថិភាព មានភាពទាក់ទាញ និងមានភាពសម្បូរបែប។

ជាការឆ្លើយត​ប​ លោកប្រធានក្រុមប្រឹក្សាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលលោករដ្ឋមន្រ្តី បានអនុញ្ញាតជូនគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងជម្រាបជូនអំពីគម្រោងវិនិយោគ និងការពង្រីកវិសាលភាពពាណិជ្ជកម្ម និងការជំរុញទេសចរណ៍ របស់ក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា នៅព្រះរាជាណាចក្រកម្ពុជា។

...

លទ្ធផលនៃជំនួបនេះ នឹងបើកផ្លូវសម្រាប់រៀបចំដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ចអារ៉ាប៊ីសាអូឌីតមកកម្ពុជា នាពេលខាងមុខ ដែលក្នុងនោះនឹងមានការចូលរួមពីធុរជនសំខាន់ៗជាច្រើនរូបមកពីវិស័យផ្សេងៗគ្នា។ ទន្ទឹមនឹងនេះ ការពិភាក្សាក៏ទទួលបានលទ្ធផលវិជ្ជមានជាច្រើន ដោយផ្តោតលើការជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍, ជំរុញឱ្យមានការហោះហើរត្រង់រវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត ព្រមទាំងរួមគ្នាផ្សព្វផ្សាយសក្តានុពលទេសចរណ៍ទៅវិញទៅមក ដើម្បីទាក់ទាញទេសចរពីអារ៉ាប៊ីសាអូឌីត ឱ្យមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើនឡើង៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print