ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ សូមតវ៉ាយ៉ាងខ្លាំងជាផ្លូវការ ប្រឆាំងនឹងសកម្មភាពខុសច្បាប់ ដូចជាការរារាំងផ្លូវដោយដាក់របាំងកុងតឺន័រ និងការសាងសង់ផ្លូវចូលទៅតំបន់មួយចំនួនក្នុងខេត្តឧត្តរមានជ័យ និងពោធិ៍សាត់ ដែលនេះធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធថៃ នៅក្នុងទឹកដីកម្ពុជាដែលថៃបានកាន់កាប់។
– ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ថៃបានដាក់កុងតឺន័របិទផ្លូវនៅទីតាំងពីរកន្លែង ក្នុង គឺភូមិរួតចំប៉ី និងភូមិអូរខ្លាឃ្មុំ ក្នុងសង្កាត់អូរស្មាច់ និងនៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៦ ពួកគេបានចាប់ផ្តើមសាងសង់ផ្លូវមួយខ្សែ ដែលលាតសន្ធឹងចេញ ពីកន្លែងបិទផ្លូវដោយកុងតឺន័រនៅក្នុងភូមិអូរខ្លាឃ្មុំ។
– ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី៧ ខែ កុម្ភៈ ឆ្នាំ២០២៦ ថៃបានដាក់កុងតឺន័របន្ថែម នៅក្នុងឃុំថ្មដា ស្រុកវាលវែង។
ទីតាំងទាំងនេះ គឺស្ថិតនៅក្នុងទឹកដីកម្ពុជាទាំងស្រុង ដូចដែលបានកំណត់ក្នុងអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧៕
ដោយ៖តារា










