កម្ពុជាបន្តបញ្ជូនទ័ពមួកខៀវ​ ៣កងបន្ថែមទៀតទៅបំពេញបេសកកម្មក្រោមឆ័ត្រUN​ ដើម្បីបុព្វហេតុសន្តិភាព និងមនុស្សធម៌ក្នុងលោក

ចែករំលែក៖

ភ្នំពេញ​៖​ កម្ពុជានៅតែបន្តបញ្ជូនកងទ័ពមួកខៀវចំនួន​៣កងបន្ថែមទៀតឱ្យទៅបំពេញបេសកកម្មថែរក្សាសន្តិភាពនៅឆ័ត្រក្រោមអង្គការសហប្រជាជាតិ បើទោះបីជាកន្លងមកជួបនូវបញ្ហាប្រឈមជាច្រើន។ កងទ័ពមួកខៀវដែលកម្ពុជាបញ្ជូនទៅបំពេញបេសកកម្មនាលើកនេះ គឺមកកងរាជអាវុធហត្ថលេខ៨៧៤ កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៦៨៣ និងកងកម្ទេចគ្រឿងផ្ទុះលេខ៩៨-ទី៤ ដោយត្រូវទៅបំពេញបេសកកម្មរក្សាសន្តិភាព នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ និងអាហ្រ្វិកកណ្តាល។

ពិធីជូនដំណើរកងទ័ពមួកខៀវទាំង៣កង ធ្វើឡើងនៅទីស្តីការក្រសួងការពារជាតិកាលពីថ្ងៃទី៨ ខែកុម្ភៈ ក្រោមវត្តមាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ទៀ សីហា ដែលជាប្រធានគណៈកម្មាធិការជាតិ, លោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិថ្មីប្រចាំប្រទេសកម្ពុជា និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។

នាឱកាសនោះ​ នាយឧត្តមសេនីយ៍ទៀ សីហា គូសបញ្ជាក់ជាថ្មីថា កម្ពុជានៅតែបន្តបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួនទៅបំពេញបេសកកម្មនៅក្រៅប្រទេសក្រោមឆត្រអង្គការសហប្រជាជាតិបន្តទៀត ដើម្បីបុព្វហេតុសន្តិភាព និងមនុស្សធម៌ក្នុងលោក បើទោះបីជាដឹងថាកន្លែងដែលត្រូវទៅនោះមានភាពប្រឈមដល់សន្តិសុខ និងសុខភាពនៃការរស់នៅយ៉ាងណាក៏ដោយនោះ។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រម្លឹកថា អស់រយៈពេល ២០ ឆ្នាំមកហើយ ដែលកម្ពុជាបានចូលរួមបញ្ជូនកងកម្លាំងមួកខៀវជាង១ម៉ឺននាក់ ចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាតិ ក៏ប៉ុន្តែការរក្សាសន្តិភាពកំពុងជួបប្រទះនឹងបញ្ហាប្រឈមនានា ដោយតួអង្គមិនមែនរដ្ឋ បានបង្កសង្រ្គាមឧទ្ទាមវាយប្រហារមកលើកងកម្លាំងរក្សាសន្តិភាព របស់កម្ពុជា ដោយបណ្តាលឱ្យបាត់បង់ជីវិត និងពលីជាច្រើននាក់។ តែទោះជាយ៉ាងណាក៏ដោយកម្ពុជា ពុំបានកែប្រែនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបន្តរួមចំណែកដល់បុព្វហេតុដ៏ឧត្តុង្គឧត្តមនៃសន្តិភាពនេះឡើយ។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា សង្កត់ធ្ងន់ថា៖​ « ជាក់ស្តែងថ្ងៃនេះ កម្ពុជាបន្តបញ្ជូនកងកម្លាំងរបស់ខ្លួនចំនួន០៣កងទៅបំពេញបេសកកម្ម នៅសាធារណៈរដ្ឋស៊ូដង់ខាងត្បូង លីបង់ និងអាហ្រ្វិកកណ្តាល ទោះបីជាបេសកកម្មនេះ អាចជួបប្រទះអំពើហិង្សានានា ប្រឈមនឹងអស្ថិរភាពដែលបង្កដោយក្រុមជ្រុលនិយម ក្រុមជម្លោះប្រដាប់អាវុធ ឬក៏ក្រុមឧទ្ទាមជាដើម និងអាចជួបហានិភ័យនៃគ្រោះធម្មជាតិ ជំងឺឆ្លងផ្សេងៗ ដែលគំរាមកំហែងដល់សន្តិសុខ សុខភាព ការរស់នៅ និងការបំពេញការងារប្រចាំថ្ងៃរបស់កម្លាំងយើងក៏ដោយ ប៉ុន្តែកងកម្លាំងយើងមិនរាថយឡើយ ដោយហេតុថានេះជាបុព្វហេតុរួមដ៏ថ្លៃថ្លាបំផុត ដើម្បីសន្តិភាព និងមនុស្សធម៌ក្នុងលោក»។

គួររម្លឹកថា ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ពោលគឺចាប់តាំងពីឆ្នាំ២០០៦ មកដល់ឆ្នាំ២០២៦នេះ កម្ពុជាបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួនបានចំនួន ១០ ៤៤៥នាក់ ក្នុងនោះមាននារីចំនួន៩៩០នាក់ទៅកាន់១២បេសកកម្ម នៅប្រទេសចំនួន១០ ដែលបច្ចុប្បន្នកងកម្លាំងរក្សាសន្តិភាពកម្ពុជា ចំនួន ៦២៩នាក់ ក្នុងនោះនារី១៣៥នាក់ កំពុងបំបេញបេសកម្មប្រទេសចំនួន៤ និង៥ បេសកកម្ម។

...

បន្ថែមពីនេះ​ នាយឧត្តមសេនីយ៍ទៀ សីហា បានបញ្ជាក់ថា​ កងកម្លាំងរបស់កម្ពុជាបានការពារជនស៊ីវិល បោសសម្អាតមីន និងគាំទ្រដល់ការកសាងឡើងវិញនូវសហគមន៍ដែលរងគ្រោះដោយសារសង្រ្គាម៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print