ស្រ្តី​ទី១កម្ពុជា​ បន្តលើកទឹកចិត្តមន្ត្រីសុខាភិបាលឱ្យពង្រឹងសមត្ថភាព និងវិជ្ជាជីវៈ ក្នុងការសង្គ្រោះកុមារ

ចែករំលែក៖

ភ្នំពេញ​៖​ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែ បានលើកទឹកចិត្តដល់ វេជ្ជបណ្ឌិត គិលានុបដ្ឋាក និងបុគ្គលិកទាំងអស់ឱ្យខិតខំព្យាយាមពង្រឹងសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបម្រើកិច្ចការជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា។​ ការថ្លែងបែបនេះ​របស់​ស្រ្តី​ទី១​ នៃកម្ពុជា ក្នុងពិធីបើកដំណើរការគម្រោងវះកាត់បេះដូង នៅមន្ទីរពេទ្យកុមារជាតិ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦។

ឱកាសនោះ លោកស្រីបណ្ឌិត ពេជ​ ចន្ទមុន្នី​ ហ៊ុន​ម៉ាណែត​ បានមានប្រសាសន៍អបអរសាទរប្រកបដោយមោទកភាពចំពោះគម្រោងថ្មីដែលមន្ទីរពេទ្យទទួលបាន និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការលះបង់កម្លាំងកាយចិត្តរបស់វេជ្ជបណ្ឌិត គិលានុបដ្ឋាក-យិការ និងបុគ្គលិកមន្ទីរពេទ្យទាំងអស់ដែលបានផ្តល់នូវអនាគត និងសុខុមាលភាពដល់កុមារកម្ពុជាគ្រប់ៗរូប ដែលជាទំពាំងស្នងឬស្សីរបស់ជាតិ។ បន្ថែមពីនេះ លោកជំទាវបណ្ឌិត បានជូនពរឱ្យគម្រោងវះកាត់បេះដូងនេះ ដំណើរការដោយរលូន និងទទួលបានជោគជ័យជាលំដាប់។

កម្មវិធីវះកាត់បេះដូងកុមារនេះ ត្រូវបានអនុវត្តក្នុងភាពជាដៃគូរវាង មន្ទីរពេទ្យកុមារជាតិ និងសមាគម សុខាភិបាលខ្មែរនៅអាមេរិក (Cambodian Health Professionals Association of America – CHPAA) ដោយមានការចូលរួមសហការពីក្រុមគ្រូពេទ្យឯកទេសវះកាត់បេះដូងកុមារមកពីសហរដ្ឋអាមេរិក និងក្រុមគ្រូពេទ្យកម្ពុជា។ កម្មវិធីមានគោលបំណងផ្តល់សេវាវះកាត់បេះដូងពីកំណើតដល់កុមារកម្ពុជា ជាពិសេស កុមារក្រីក្រ និងគ្រួសារខ្វះខាត ដែលមិនអាចទទួលបានសេវាឯកទេសនេះដោយខ្លួនឯង។

កម្មវិធីនេះ គឺជាគម្រោងរយៈពេល ៣ឆ្នាំ ដែលផ្តោតលើការផ្តល់សេវាវះកាត់បេះដូង ការត្រួតពិនិត្យ និងតាមដានអ្នកជំងឺ ការបណ្តុះបណ្តាលគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលកម្ពុជា ការផ្ទេរបច្ចេកទេសវេជ្ជសាស្ត្រ ទំនើប និងការកសាងសមត្ថភាពធនធានមនុស្សក្នុងស្រុក ដើម្បីធានានិរន្តរភាពនៃកម្មវិធីវះកាត់បេះដូងកុមារ នៅកម្ពុជា។

...

សូមជ្រាបជូនថា ចាប់ពីថ្ងៃពិធីបើកដំណើរគម្រោងវះកាត់បេះដូងកុមារនៅមន្ទីរពេទ្យកុមារជាតិ អាណាព្យាបាល អាចនាំកូនមានជំងឺបេះដូងអាចមកទទួលការពិនិត្យ ពិគ្រោះ ព្យាបាលពីសុខភាពបេះដូងរបស់កូនៗ ដើម្បីឱ្យក្រុមវេជ្ជបណ្ឌិតឯកទេសនៃមន្ទីរពេទ្យកុមារជាតិ ធ្វើរោគវិនិច្ឆ័យឱ្យបានជាក់លាក់ នឹងត្រៀមសម្រាប់ការព្យាបាល និងវះកាត់បេះដូងជាបន្តបន្ទាប់៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print