លោកកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបពិភាក្សាការងារជាមួយអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦​ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកស្រី វ៉ឡាដានកា អង់ឌីវ៉ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីបន្តគាំទ្រអនុវត្តលើគម្រោងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។

ជាកិច្ចចាប់ផ្តើម លោកទេសរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការទទួលបេសកកម្មក្នុងអាណត្តិថ្មីរបស់លោកស្រី មកកាន់កម្ពុជា ដើម្បីបន្តសកម្មភាពសម្របសម្រួលការងាររបស់អង្គការសហប្រជាជាតិរួមចំណែកជួយដល់ការគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។

លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ប្រព័ន្ធអង្គការចំណុះរបស់អង្គការសហប្រជាជាតិទាំងអស់ ដែលបានសហការយ៉ាងស្និទ្ធស្នាលជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានសហប្រតិបត្តិការជាមួយ កម្មវិធីស្បៀងអាហារពិភពលោក (WFP), កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP), អង្គការសហប្រជាជាតិដើម្បីស្ត្រី (UN Women) និង អង្គការអន្តរជាតិទេសន្តប្រវេសន៍ (IOM)។

លោកទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា រាជរដ្ឋាភិបាលបន្តវេនបានយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងគ្រោះមហន្តរាយ ដោយការដាក់ចេញផែនការសកម្មភាពជាតិនៃយុទ្ធសាស្រ្តសម្រាប់ការកាត់បន្ថយគ្រោះមហន្តរាយ ឆ្នាំ២០២៤-២០២៨ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ដោយអនុលោមតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។

លោកទេសរដ្ឋមន្រី្ត មានប្រសាសន៍ទៀតថា តាងនាមរាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែល ចំពោះអង្គការកម្មវិធីស្បៀងអាហារពិភពលោក ដែលតែងតែយកចិត្តទុកដាក់សហការគាំទ្រលើវិស័យការងារគ្រប់គ្រងគ្រោះមហន្តរាយ ក៏ដូចជាសហការគាំលើពហុវិស័យនៅបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ទាំងថ្នាក់ជាតិក្រោមជាតិដល់មូលដ្ឋាសហគម។

លោកទេសរដ្ឋមន្រ្តី បញ្ជាក់ថា ជាក់ស្តែងកន្លងមកបានចូលកម្មវិធីកសាងទីទួលសុវត្តិភាព, ប្រព័ន្ធប្រកាសឱ្យដឹងមុន និងកម្មវិធីបណ្តុះបណ្តាលមន្ត្រីតាមបណ្តាលក្រសួងលើការងារឆ្លើយតបការគ្រប់គ្រងគ្រោះមហន្តរាយ ពិសេសសម្រាប់ឆ្នាំ២០២៥ រួមមានអង្ករប្រមាណ ២២០តោន ដល់ជនភៀសសឹក ចំនួន ៤,៥០០គ្រួសារ ក្នុងខេត្តឧត្តរមានជ័យ។

លោកទេសរដ្ឋមន្រ្តី បញ្ជាក់ទៀតថា ខណៈពេលដែលវីរកងទ័ពបានលះបង់ឈរជើងយ៉ាងរឹងមាំនៅសមរភូមិមុខ ដើម្បីការពារបូរណភាពទឹកដី ប៉ុន្តែក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺរាជរដ្ឋាភិបាលក៏មិនដែលធ្វេសប្រហែសក្នុងការការពារសមរភូមិក្រោយ ពោលគឺការធានាសុខសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋភៀសសឹកគ្រប់រូបតាមមណ្ឌលសុវត្ថិភាព ជាអាទិភាពខ្ពស់បំផុត។

ជាការឆ្លើយតប អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (UN) បានប្តេជ្ញាសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីជួយជនភៀសសឹករងគ្រោះពីសង្គ្រាមឈ្លានពាន ពិសេសនឹងជួយរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្នសម្រាប់ជនភៀសសឹកកម្ពុជាឱ្យបានមុខរដូវភ្លៀងមកដល់។

លោកទេសរដ្ឋមន្រ្តី សង្កត់ធ្ងន់ថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រុមការងារអន្តរក្រសួងបានសិក្សារៀបចំជម្រកបណ្តោះអាសន្ននេះ ដែលមានអំណោយផលទទួលជនភៀសសឹកបានជាច្រើនគ្រួសារ និងការពារពីអាកាសធាតុ ជាពិសេសក្នុងរដូវវស្សាខាងមុខផងដែរ។

...

សូមជម្រាបថា ការរៀបចំជម្រកបណ្តោះអាសន្ននេះ គឺបង្ហាញការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល និងបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីមនោសញ្ចេតនា និងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយឱ្យជនភៀសសឹកមានទីតាំងរស់នៅល្អប្រសើរ សុខសុវត្ថិភាព អនាម័យ និងសុខភាពល្អ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print