ក្នុងរយៈពេលពីរថ្ងៃកន្លងមកប្រធានាធិបតីហ្វ៊ីលីពីនលោក Duterte បានប្រើសម្តីវាយប្រហារអាមេរិក ជាបន្តបន្ទាប់មិនត្រឹមតែប៉ុណ្ណោះលោកក៏បានស្នើដល់កម្លាំងទាហ៊ានអាមេរិកដែលឈរជើងនៅភាគខាងត្បូងប្រទេសហ្វ៊ីលីពីន ដកចេញពីទីនោះទៀតផង ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានប្រកាសលុបចោលការយ៉ាមល្បាតរួមជាមួយអាមេរិកនៅតំបន់សមុទ្រដែលមានវិវាទ។ អ្វីដែលគេចាប់អារម្ភនាពេលនេះលោក Duterte បានប្រកាសថានឹងទិញអាវុធពីរុស្ស៊ី ព្រមទាំងចិនផងដែរ។
តាមប្រសាសលោក Duterte ហ្វ៊ីលីពីនចង់បញ្ចៀសនៅការរំខានបើមានការយាមល្បាតរួមជាមួយអាមេរិកនោះភាគីពាក់ព័ន្ធនៅក្នុងជម្លោះយល់ថា ហ្វ៊ីលីពីនកំពុងតែពឹងផ្អែកទៅលើបរទេស ទាំងនោះហើយធ្វើឲ្យកិច្ចពិភាក្សាកាន់តែស្មុគស្មាញ និងគ្មានទំនុកចិត្តថែមទៀត។
លោក Duterte បានប្រកាសថា «ចាប់តាំងពីពេលនេះទៅយើងនឹងមិនយាមល្បាតរួមជាមួយអាមេរិកទៀតឡើយ ដោយសារតែយើងមិនចង់ជួបនៅផលលំបាក ។ ខ្ញុំមិនចង់សហការជាមួយអាមេរិកឬចិននោះឡើយ ដោយចង់ធ្វើការតែម្នាក់ឯង»។ នៅពេលនេះហ្វ៊ីលីពីនចង់ឲ្យមានការយាមល្បាតនៅសមុទ្រក្រោមការគ្រប់គ្រងរបស់ខ្លួន ដោយមិនឲ្យមានការយាមល្បាតនៅតំបន់សមុទ្រមានវិវាទឡើយ។ ប៉ុន្តែការលុបចោលការយាមល្បាតជាមួយអាមេរិកនោះគឺជាការដើរផ្ទុយទៅនឹងកិច្ចព្រមព្រៀងដែលអាមេរិកនិងរដ្ឋាភិបាលហ្វ៊ីលីពីនមុនបានព្រមព្រៀងគ្នា។
នៅក្នុងកិច្ចព្រមព្រៀងកាលពីខែមេសា ឆ្នាំ២០១៦ រវាងអាមេរិកនិងហ្វ៊ីលីពីន ក្នុងនោះអាមេរិកនឹងចូលរួមយ៉ាមល្បាតជាមួយហ្វ៊ីលីពីននៅសមុទ្រចិនភាគខាងត្បូង។ ក្នុងពេលនោះរដ្ឋមន្ត្រីក្រសួងការពារជាតិហ្វ៊ីលីពីនលោក Gazmin សង្ឃឹមថា វត្តមានរបស់អាមេរិកនឹងជួយគ្រប់គ្រងស្ថានភាពវិវាទរវាងចិននិងហ្វ៊ីលីពីននៅតំបន់វិវាទស្ថិតនៅប្រចុំកោះScarbouough ។
កាលពីថ្ងៃទី១២ ខែកញ្ញា លោក Duterte បានប្រកាសបង្ករឲ្យមានការផ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយលោកស្នើឲ្យទាហ៊ានអាមេរិកដកចេញពីតំបន់ភាគខាងត្បូងប្រទេសនេះ ដោយសារតែមានវត្តមានរបស់អាមេរិកនិងធ្វើឲ្យស្ថានភាពកាន់ទែស្មុគស្មាញ សម្រាប់សកម្មភាពប្រឆាំងក្រុមជ្រុលនិយមនិងក្រុមភេរវកម្ម។
អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ នៅក្នុងសេចក្តីប្រកាសរបស់លោក Duterte គឺលោកបានឡើងគម្រោងទិញអាវុធពីរុស្ស៊ីរួមទាំងចិនផងដែរ។ កន្លងមកបើនិយាយអំពីសន្តិសុខគឺហ្វ៊ីលីពីនពឹងផ្អែកទៅលើ លោកខាងលិច តែពេលនេះផ្ទុយស្រឡៈក្រោមការដឹកនាំរបស់លោក Duterte ។
នៅពេលនេះអាមេរិកមិនទាន់មានប្រតិកម្មអ្វីចំពោះសកម្មភាពរបស់ហ្វ៊ីលីពីននោះឡើយ ។ ក្រុមអ្នកវិភាគបញ្ជាក់ថា លោក Duterte ធ្វើបែបនេះគឺចង់ឲ្យអាមេរិកមានប្រតិកម្មបែបណា ហើយអាមេរិកចាំបាច់ត្រូវតែជួយដល់ហ្វ៊ីលីពីនច្រើនជាងនេះបើចង់ឈរជើងនៅហ្វ៊ីលីពីន។
កាលពីសប្តាហ៍មុន ប្រធានាធិបតីហ្វ៊ីលីពីន បានបង្កភាពភ្ញាក់ផ្អើល ដោយបានធ្វើទំនាក់ទំនងការទូតហ្វ៊ីលីពីន-សហរដ្ឋអាមេរិក តាមរយៈសំដីជេរដ៏គ្រួតគ្រាតដាក់ប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា នៅថ្ងៃចន្ទនេះ លោក ឌុយទែរតេ បានចេញមុខពន្យល់ជាសាធារណៈ ចង់ឃើញកម្លាំងកងទ័ពពិសេសអាមេរិក ដែលកំពុងបង្វឹកបង្ហាត់ទាហ៊ានហ្វ៊ីលីពីន នៅភាគខាងត្បូងប្រទេសថា ជាទិសដៅនៃការវាយប្រហាររបស់ពួកឧទ្ទាមអ៊ីស្លាមជ្រុលនិយមចង់ផ្តាច់ទឹកដី អាប៊ូសាយ៉ាស ។
ហេតុដូច្នេះហើយបានជាក្រុងម៉ានីល ត្រូវការឃើញកងកម្លាំងពិសេសអាមេរិកនេះ ចាកចេញទឹកដីហ្វ៊ីលីពីន។ លោក ឌុយទែរតេ បានប្រកាសថា មិនចង់មានជម្លោះជាមួយអាមេរិកទេ តែកងទ័ពអាមេរិកនោះត្រូវត្រលប់ទៅស្រុកវិញ ព្រោះពួកវា (ពួកភេរវជនអ៊ីស្លាមជ្រុលនិយមអាប៊ូសាយ៉ាស) បានជ្រើសរើសទាហ៊ានអាមេរិកនោះជាផ្ទាំងស៊ីប ចង់តាមសម្លាប់ ឬចាប់ជំរិត ដើម្បីទារប្រាក់ថ្នូរ។
កងកម្លាំងពិសេសអាមេរិកបានទៅឈរជើងនៅភាគខាងត្បូងកោះហ្វ៊ីលីពីន តាំងពីឆ្នាំ២០០២ មក ប៉ុន្តែកម្មវិធីនេះត្រូវបានផ្អាកទៅវិញនៅឆ្នាំ២០១៥ ដោយមានរក្សាទុកនូវកងពលតូចមួយសម្រាប់ផ្តល់វគ្គបំពាក់បំប៉នបច្ចេកទេសនិងភស្តុភារ។
ខុសពីប្រធានាធិបតីមុន ដែលពឹងពាក់និងបង្ហាញភាពស្អិតល្មួតជាមួយវ៉ាស៊ីនតោន លោកឌុយទែរតេ តែងតែចោទប្រកាន់អតីតម្ចាស់អាណានិគមអាមេរិកមួយនេះថា មានពុតត្បុតច្រើន ជាពិសេសនៅពេលអាមេរិករិះគន់នយោបាយប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនរបស់ហ្វ៊ីលីពីន។ ក្រោយពីបានជេរលោកអូបាម៉ា នៅក្នុងជំនួបអាស៊ាន សេចក្តីប្រកាសរបស់ប្រធានាធិបតីហ្វ៊ីលីពីន ថ្ងៃនេះឆ្លុះឱ្យឃើញអំពីទស្សនៈវិស័យថ្មីរបស់ហ្វ៊ីលីពីនចំពោះទំនាក់ទំនង ជាមួយអាមេរិក ដែលធ្លាប់តែតាំងខ្លួនជាសម្ព័ន្ធមិត្តដ៏ជិតដិតបំផុតមួយរបស់វ៉ាស៊ីនតោននៅក្នុងតំបន់៕
ប្រែសម្រួល៖ ម៉ែវ សាធី