បង់ក្លាដែសបានទទួលការកាត់បន្ថយអត្រាពន្ធនាំចូលទៅទីផ្សារអាមេរិកចុះមកត្រឹម 19% ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរកាលពីថ្ងៃចន្ទ ដោយផ្តល់ការលើកលែងពន្ធសម្រាប់ផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ខ្លះៗដែលផលិតដោយប្រើវត្ថុធាតុដើមពីសហរដ្ឋអាមេរិក។
លោក មូហាំម៉ាត់ យូនុស ប្រធានទីប្រឹក្សាដឹកនាំរដ្ឋាភិបាលអន្តរកាលបង់ក្លាដែស បានបញ្ជាក់ថា វ៉ាស៊ីនតោនបានសន្យាបង្កើតយន្តការមួយ ដើម្បីអនុញ្ញាតឱ្យផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់មួយចំនួនពីបង់ក្លាដែស ដែលប្រើកប្បាស និងសរសៃសិប្បនិម្មិតផលិតនៅអាមេរិក ទទួលបានអត្រាពន្ធសូន្យនៅទីផ្សារអាមេរិក។
ផ្នែកសេតវិមានបានឱ្យដឹងថា បង់ក្លាដែសក៏បានយល់ព្រមផ្តល់ការចូលដំណើរការទីផ្សារជាអាទិភាពសម្រាប់ទំនិញឧស្សាហកម្ម និងកសិកម្មរបស់អាមេរិក រួមមាន សារធាតុគីមី ឧបករណ៍វេជ្ជសាស្ត្រ ម៉ាស៊ីន និងយានយន្តជាមួយគ្រឿងបន្លាស់ ផលិតផលសណ្តែកសៀង ផលិតផលទឹកដោះគោ សាច់គោ សាច់មាន់ គ្រាប់ឈើ និងផ្លែឈើ។
បន្ថែមពីនេះ បង់ក្លាដែសនឹងបន្ធូរបន្ថយរបាំងមិនមែនពន្ធ ដោយទទួលស្គាល់ស្តង់ដារសុវត្ថិភាព និងបរិស្ថានយានយន្តរបស់អាមេរិក ទទួលស្គាល់វិញ្ញាបនបត្ររបស់អាជ្ញាធរអាហារ និងឱសថអាមេរិក (FDA) និងលុបចោលការរឹតបន្តឹងនាំចូលទំនិញដែលផលិតឡើងវិញ។
បង្កើនការទិញពីអាមេរិក
ប្រទេសទាំងពីរបានលើកឡើងអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗ និងគម្រោងនាពេលខាងមុខ រួមមាន ការទិញយន្តហោះ ការទិញផលិតផលកសិកម្មអាមេរិកប្រហែល 3.5 ពាន់លានដុល្លារ និងការទិញផលិតផលថាមពលអាមេរិកប្រមាណ 15 ពាន់លានដុល្លារ ក្នុងរយៈពេល 15 ឆ្នាំ។
យោងតាមឯកសារកិច្ចព្រមព្រៀង 32 ទំព័រដែលការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកបានចេញផ្សាយ ក្រុមហ៊ុនអាកាសចរណ៍ Biman Bangladesh Airlines មានផែនការទិញយន្តហោះ Boeing ចំនួន 14 គ្រឿង និងអាចបន្ថែមការទិញបន្ថែមទៀត។ បង់ក្លាដែសក៏នឹងទិញឧបករណ៍យោធាពីអាមេរិក និងកំណត់ការទិញពីប្រទេសខ្លះៗផងដែរ។
ប្រទេសមានប្រាក់ឈ្នួលទាបនៅអាស៊ីខាងត្បូងនេះ ក៏បានសន្យាអនុវត្តសិទ្ធិការងារដែលទទួលស្គាល់អន្តរជាតិ និងពង្រឹងការការពារបរិស្ថាន។ លោកយូនុសបញ្ជាក់ថា កិច្ចព្រមព្រៀងនេះកើតឡើងបន្ទាប់ពីការចរចារយៈពេល 9 ខែ ដែលចាប់ផ្តើមពីខែមេសាឆ្នាំមុន។
មុននេះ បង់ក្លាដែសធ្លាប់ទទួលបានការកាត់បន្ថយពន្ធនាំចូលទៅអាមេរិកមកត្រឹម 20% កាលពីខែសីហា ពីអត្រា 37% ដែលត្រូវបានស្នើដំបូង ដោយផ្តល់ការបន្ធូរបន្ថយសំខាន់ដល់វិស័យនាំចេញសម្លៀកបំពាក់របស់ប្រទេស៕










