ខេត្តពោធិ៍សាត់៖ រហូតមកដល់ម៉ោងនេះសមត្តកិច្ចអះអាងថា រកអត្តសញ្ញាណព្រូរថយន្តម្នាក់ដែលបានរងរបួសធ្ងន់មិនទាន់ឃើញនៅឡើយទេដោយសារគ្រោះថ្នាក់ចរាចរណ៍រថយន្តធុនធំចំនួន៣គ្រឿងបុកតកន្ទុយគ្នា។
ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកព្រលឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥៩-១៦០ ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សមត្តកិច្ចនគរបាលស្រុកក្រគរប្រាប់ឲ្យថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះរថយន្តបង្កម៉ាក ហ្វ៊ុយហ្សូ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 4A-0658 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) បណ្ដាលឲ្យព្រូម្នាក់របួសធ្ងន់មិនស្គាល់អត្តសញ្ញាណ ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ។ រថយន្តនេះធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានបុកគូថរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-6084 បណ្ដាលឲ្យក្រឡាប់ផ្ងាជើងចូលស្នាមភ្លោះ ដែលបើកបរដោយឈ្មោះ រិន ថា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិអង្គរឃុន ឃុំសំរោងលើ ស្រុកអង្កស្នួល ខេត្តកណ្ដាល។ រួចបន្តទៅបុករថយន្ត១គ្រឿងទៀតម៉ាក ហ្វ៊ុយហ្សូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 4A-1613 បើកបរដោយឈ្មោះ ឌន រៀន ភេទប្រុស អាយុ ៥៩ឆ្នាំ រស់នៅភូមិស្រទៀ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរវ៉ាត់ ខេត្តស្ទឹងត្រែង។
ប្រភពពីសមត្តកិច្ចខាងលើបន្តទៀតថា វត្ថុតាងរថយន្តទាំង៣គ្រឿងត្រូវបានសមត្តកិច្ចយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកក្រគរ រងចាំធ្វើការដោះស្រាយគ្នាជាក្រោយតាមនីតិវិធី៕
ដោយ៖ ប៉ឹម ពិន