កីឡាការិនីជិះស្គីល្បឿនលើទឹកកក Jutta Leerdam បានឈ្នះមេដាយមាស និងបំបែកកំណត់ត្រាអូឡាំពិក នៅព្រឹត្តិការណ៍អូឡាំពិករដូវរងា ឆ្នាំ 2026 ដែលធ្វើឲ្យគូដណ្ដឹងរបស់នាង Jake Paul គឺជា YouTuber ហើយប្រែក្លាយជាអ្នកប្រដាល់ រំភើបរហូតស្រក់ទឹកភ្នែកនៅកន្លែងអង្គុយទស្សនា។
Leerdam វ័យ 27 ឆ្នាំ បានឈ្នះវិញ្ញាសា 1000 ម៉ែត្រ នារី កាលពីថ្ងៃចន្ទ នៅ Milano Speed Skating Stadium ដោយឆ្លងកាត់ខ្សែបញ្ចប់ក្នុងពេល 1 នាទី 12.31 វិនាទី ដែលជាកំណត់ត្រាថ្មីនៃអូឡាំពិក។
នាងទទួលបានការគាំទ្រពីគូដណ្ដឹងវ័យ 29 ឆ្នាំ ដែលត្រូវបានឃើញស្រក់ទឹកភ្នែក ខណៈកំពុងអបអរសាទរជាមួយគ្រួសាររបស់នាង។ ក្នុងវីដេអូ Instagram Reel មួយ បង្ហោះភ្លាមៗបន្ទាប់ពីការប្រកួត Paul បានបង្ហាញអារម្មណ៍រំភើបពេលឃើញនាងឈ្នះមេដាយមាស។
Paul បានសរសេរថា “គូស្នេហ៍ខ្ញុំទើបតែបង្កើតកំណត់ត្រាអូឡាំពិកថ្មី។ ខ្ញុំមានមោទនភាពណាស់ចំពោះអ្នក”។
Leerdam ដែលបានផ្ញើស្នាមថើបពីលើទឹកកកទៅកាន់ Paul ធ្លាប់បានឈ្នះមេដាយប្រាក់ក្នុងវិញ្ញាសាដូចគ្នា នៅអូឡាំពិកប៉េកាំង ឆ្នាំ 2022 បន្ទាប់ពីចាញ់កីឡាការិនីជប៉ុន Miho Takagi។
លើកនេះ នាងបានឈ្នះនាំមុខមិត្តរួមក្រុម Femke Kok ដែលបានមេដាយប្រាក់ដោយពេលវេលា 1 នាទី 12.59 វិនាទី ខណៈ Takagi ទទួលបានមេដាយសំរិទ្ធ។ កីឡាការិនីអាមេរិក Brittany Bowe បានចំណាត់ថ្នាក់ទី 4 និង Erin Jackson ម្ចាស់មេដាយមាសវិញ្ញាសា 500 ម៉ែត្រ ឆ្នាំ 2022 បានបញ្ចប់នៅលេខ 6។
Jake Paul បានស្នើរសុំរៀបការជាមួយនាង កាលពីថ្ងៃទី 21 ខែមីនា ឆ្នាំ 2025 នៅទីតាំងបរិយាកាសត្រូពិចដែលតុបតែងដោយផ្កាស និងទៀនជាច្រើន។ គាត់បានសរសេរនៅលើ Instagram ថា ពួកគេមិនអាចរង់ចាំក្នុងការចាប់ផ្ដើមជីវិតរួមគ្នាជារៀងរហូតបានទេ៕










