ខេត្តព្រះសីហនុ÷ មន្ត្រីនគរបាលស្រុកព្រៃនប់បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពកាត់ចម្រើងផ្ទះដើម្បីចូលយកទ្រព្យសម្បត្តិ។
មន្ត្រីនគរបាលខាងលើបានរំលឹកថា កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ ២០២៦ វេលាម៉ោង ៥:៣០នាទីទាបភ្លឺ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិវាមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីលួចមានស្ថានទម្ងន់ទោស(គាស់ចម្រឹងបង្អួចផ្ទះចូលលួចសម្ភារះមាន តម្លៃ)១បានកើតឡើង បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចគាស់ចម្រឹងបង្អួចផ្ទះរបស់ជនរងគ្រោះ ឈ្មោះ ស៊ឹម វុត្ថា ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ មុខ របរលក់ដូរ ដោយលួចយកសម្ភារះមានតម្លៃមួយចំនួនរួមមាន៖
ក្រវិលផ្លាកទីន០១គូរ,ខ្សែកផ្លាកទីនតាលីទី១ខ្សែទម្ងន់ ២ជី បណ្តោងផ្លាកទីនចិញ្ជៀន០១វង់ ទម្ងន់ប្រហែល១ជី កូនជ្រូកសន្សំលុយចំនួន០១ ។
ក្រោយពេលទទួលបានព័ត៍មាននេះភ្លាម ដោយអនុវត្តតាមបទបញ្ជា ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងការចង្អុល បង្ហាញពីលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងផែនព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានដឹកនាំបញ្ជាកម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលរេញ ចុះធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាជនសង្ស័យ រហូតដល់ថ្ងៃទី ១០ខែ កុម្ភៈ ២០២៦ ទើបកម្លាំងយើងឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ សេស ភាអុយ ភេទប្រុស អាយុ១៦ឆ្នាំ មុខ របរសិស្ស មានទីលំនៅ ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
វត្ថុតាងចាប់យកបាន៖ ឈើមួយដើម ប្រវែង ១៥០ សង់ទីម៉ែត្រ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកសាងសំណុំ រឿងបញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បបន្តអនុវត្តនីតិវិធី៕










