ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានផ្ដល់ការលើកទឹកចិត្ដលោកកិត្តិឧទ្ទេសបណ្ឌិត ហ៊ុន ហេង បន្ទាប់ពីជាសះ ស្បើយពីជំងឺរលាកសួតធ្ងន់ធ្ងរ លោកកិត្តិឧទ្ទេសបណ្ឌិត ហ៊ុន ហេង ទីប្រឹក្សាសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត គឺជាកវីនិពន្ធខ្មែរដ៏ល្បីល្បាញមួយរូបដែលបានចូលរួមចំណែកក្នុងការលើកស្ទួយវិស័យវប្បធម៌ជាតិ ក្នុងវិស័យដូរ្យតន្ត្រី និងចម្រៀង។ បច្ចុប្បន្ន ឯកឧត្ដមកំពុងសម្រាក់ព្យាបាល នៅគេហដ្ឋាន ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
នៅថ្ងៃពុធ៩រោចខែមាឃ ឆ្នាំម្សាញ់សប្តស័កព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែតអនុប្រ ធានគណបក្សប្រជាជនកម្ពុជា ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការកាយឫទ្ធិនារីកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជូនដល់លោកកិត្តិឧទ្ទេសបណ្ឌិត ហ៊ុន ហេង និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ដែលជានិច្ចកាលសម្ដេច និងលោកជំទាវ តែងតែគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខប្រជាជន និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គ្រប់ទីកន្លែងគ្រប់ពេលវេលា។
សូមបញ្ជាក់ថា លោកកិត្តិឧទ្ទេសបណ្ឌិត ហ៊ុន ហេង ទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជាកវីនិពន្ធខ្មែរដ៏ល្បីល្បាញមួយរូបដែលបានចូលរួមចំណែកក្នុងការលើកស្ទួយវិស័យវប្បធម៌ជាតិក្នុងវិស័យដូរ្យតន្ត្រី និងចម្រៀង។ លោក ក៏បាននិពន្ធបទចម្រៀងជាច្រើនបទដែលពាក់ព័ន្ធនឹងមនោសញ្ចេតនា ជាចង្វាក់ប្រជាប្រិយ ដែលពាក់ព័ន្ធនឹងបុណ្យចូលឆ្នាំ បុណ្យអុំទូក អកអំបុក និងសំពះព្រះខែរ បុណ្យភ្ជុំបិនជាដើម ដែលនៅគ្រប់បទសុទ្ធតែបានបង្កប់នូវតម្លៃនៃការអប់រំខ្ពស់។ មិនត្រឹមតែ ប៉ុណ្ណោះលោក ក៏បាននិពន្ធបទចម្រៀងដែលពាក់ព័ន្ធនឹងការកសាង ការអភិវឌ្ឍន៍ក៏ដូចជាសមិទ្ធិផលជាច្រើនទៀត របស់ថ្នាក់ដឹកនាំកំពូលរបស់ជាតិផងដែរ ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជូនពរឱ្យឯកឧត្តមកិត្តិឧទ្ទេសបណ្ឌិត ហ៊ុន ហេង ឆាប់បានជាសះស្បើយឡើងវិញ និងត្រលប់មកបង្កើតស្នាដៃផ្សេងៗ បន្ថែមទៀតពាក់ព័ន្ធនឹងការនិពន្ធបទចម្រៀង៕














