ភ្នំពេញ៖. លោកបណ្ឌិត លី ធុជ បានបញ្ជាក់ថា៖ ការកម្ពស់លេីកជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា គឺជាគម្រោងអាទិភាពរបស់ប្រទេសចិន តាមរយៈការគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ។
លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់បែបនេះ ខណៈលោកដឹកនាំគណៈប្រតិភូអាជ្ញាធរមីន ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលនឹងចូលមកដល់នាពេលខាងមុខ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ។
ក្នុងនាមតំណាងឱ្យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកបណ្ឌិត លី ធុជ បានលើកឡើងអំពីសមិទ្ធផលសម្រេចបានក្នុងវិស័យសកម្មភាពមីននៅកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលនិងប្រជាជនចិន ដែលបាននឹងកំពុងផ្តល់នូវការគាំទ្រការបោសសម្អាតមីន ជំនាញបច្ចេកទេស ការអភិវឌ្ឍសមត្ថភាព អប់រំយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ និងកិច្ចសង្រ្គោះជនរងគ្រោះ ក៏ដូចការគាំទ្រដល់ការអនុវត្តគម្រោង «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងសកម្មភាពមីន» ផងដែរ។
លោកបណ្ឌិត លី ធុជ ក៏បានអរគុណដល់ប្រទេសចិន ដែលបានផ្តល់ជំនួយបន្ទាន់គាំទ្រការបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះបន្សល់ទុកក្នុងជម្លោះកម្ពុជា-ថៃ និងជំនួយមនុស្សធម៌សម្រាប់ជួយដល់ប្រជាពលរដ្ឋភៀសសឹក។
លោកបណ្ឌិត លី ធុជ ក៏បានចូលរួមចំណែករបស់ប្រទេសចិនក្នុងវិស័យសកម្មភាពមីន ពិតជាបានឆ្លើយតបនឹងតម្រូវការជាអាទិភាពរបស់ប្រជាជននៅតាមមូលដ្ឋាន និងកាត់បន្ថយគ្រោះថ្នាក់ ព្រមទាំងបានស្នើសុំឱ្យប្រទេសចិនបន្តការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះ ស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
លោក Wang Wenbin បានអរគុណជូនចំពោះ លោក បណ្ឌិត លី ធុជ និងគណៈប្រតិភូអាជ្ញាធរមីន ដែលចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ លោក Wang Wenbin បានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធ ផលសម្រេចបានសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា និងបានគូសបញ្ជាក់ពីការបន្តគាំទ្ររបស់រដ្ឋាភិបាលចិន ក្នុងវិស័យសកម្មភាពមីននៅកម្ពុជា ដោយបានចាត់ ទុកវិស័យសកម្មភាពមីន ជាវិស័យអាទិភាពសំខាន់នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ជួយសង្រ្គោះដល់អាយុជីវិត និងលើកកម្ពស់ជីវិភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោកអគ្គរដ្ឋទូតចិន ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមីន និងស្ថានទូតចិន ហើយគ្រោងនឹងរៀបចំដំណើរទស្សនកិច្ចរួមគ្នាសម្រាប់ចុះពិនិត្យសកម្មភាពបោសសម្អាតមីន ក្រោមគម្រោងគាំទ្រពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងឆ្នាំ២០២៦ ខាងមុខនេះ ៕ ដោយ សំរិត









